(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តផ្អាកការលក់អាវុធ ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានអនុញ្ញាតដោយអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ជាលើកដំបូងបំផុតរបស់ខ្លួន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) ក៏បានគូសបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកំពុងត្រួតពិនិត្យឡើងវិញ លើការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាមួយការបញ្ជាក់ថា វាគឺជារឿងធម្មតារបស់រដ្ឋបាលថ្មី។ លោក Blinken បន្ថែមថា ការត្រួតពិនិត្យឡើងវិញនេះ គឺដើម្បីធ្វើឱ្យប្រាកដជាថា ការលក់អាវុធទាំងនេះមិនធ្វើឱ្យប៉ះពាល់ដល់ យុទ្ធសាស្ត្រ និងគោលនយោបាយការបរទស របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលខែឧសភា ឆ្នាំ២០១៩ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីការលក់អាវុធក្នុងទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងហ្ស៊កដានី។ បន្ថែមពីលើនេះអតីតរដ្ឋបាលលោក ត្រាំ ក៏បានអនុញ្ញាតការលក់អាវុធ ក្រោមកិច្ចព្រមព្រៀងមួយមានតម្លៃ ២៩០លានដុល្លារ ឱ្យអារ៉ាប៊ីសាអូឌីត កាលពីចុងខែធ្នូ ឆ្នាំ២០២០ផងដែរ បន្ទាប់ពីលោកបានជូនដំណឹងដល់សភា ពីការលក់យន្ដហោះ F-35 ឱ្យអេមីរ៉ាតអារ៉ាប់រួម ដោយសារតែប្រទេសនេះបានយល់ព្រម ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល តាមការចង់បានរបស់អាមេរិក៕