(កូឡុំបូ)៖ ចិន នឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ៣០ម៉ឺនដូស ជូនដល់ប្រទេសស្រីលង្កា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតសកលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំនៅទីក្រុងកូឡុំបូ នៃប្រទេសស្រីលង្កាបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនបានធ្វើការសម្រេចចិត្តបរិច្ចាកវ៉ាក់សាំងទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីសំណាក់រដ្ឋាភិបាលស្រីលង្កា កាលពេលថ្មីៗនេះ។

សេចក្តីថ្លែងការណ៍ដដែលនេះ បានគូសបញ្ជាក់ថា ដូសនៃវ៉ាក់សាំងនេះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រគល់ជូនដល់ ភាគីប្រទេសស្រីលង្កានៅពាក់កណ្តាលខែកុម្ភៈខាងមុខ បន្ទាប់ពីនីតិវិធីត្រឹមត្រូវទាំងសងខាងត្រូវបានបញ្ចប់។ ។

គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីស្រីលង្កា លោក Lalith Weeratunga លើកឡើងថា បច្ចុប្បន្ននេះអាជ្ញាធរនីតិកម្មឱសថជាតិ (NMRA) កំពុងធ្វើតេស្តលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ហើយនៅពេលដែលរួចរាល់ វា៉ក់សាំងទាំងនេះ អាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ភាពអាសន្ន៕