(ហ្សឺណែវ)៖ ប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ធ្វើការស៊ើបអង្កេតបន្ថែមលើសង្គ្រាមបំបែកទឹកដីដោយក្រុមឧទ្ទាមខ្លាតាមិល (Tamil Tiger) របស់ប្រទេសស្រីលង្កា និងធ្វើការដាក់ទណ្ឌកម្មលើមន្ត្រីយោធា ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

ប្រធានសិទ្ធិមនុស្ស UN លោកស្រី មីឈែល បាឆេឡេត (Michelle Bachelet) បានចោទប្រកាន់ប្រទេសស្រីលង្កាពីការខកខាន មិនបានរក្សាកិច្ចសន្យារបស់ខ្លួនក្នុងការស្វែងរកយុត្តិធម៌ ដល់ជនស៊ីវិលរាប់ពាន់នាក់ដែលត្រូវបានសម្លាប់ នៅក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមបំបែកទឹកដី ដែលបានអូសបន្លាយរយៈពេល ៣៧ឆ្នាំកន្លងទៅនេះ និងត្រូវបានបញ្ចប់ទៅកាលពីជាងមួយទសវត្សរ៍មុន (ឆ្នាំ២០០៩)។ លោកស្រី Michelle Bachelet បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ដែលទទួលបានមុនការចេញផ្សាយជាផ្លូវការថា «គំនិតផ្តួចផ្តើមក្នុងការទាមទាររកការទទួលខុសត្រូវ និងការផ្សះផ្សា បានខកខានម្តងហើយម្តងទៀត»

របាយការណ៍ដដែលនោះ បានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលរបស់ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានផ្លាស់ប្តូរដំណើរការការពារសិទ្ធិមនុស្សមួយចំនួន ដែលផ្ទុយពីរដ្ឋបាលមុន។ លោក Rajapaksa បានឈ្នះឆ្នោត និងក្លាយជាប្រធានាធិបតីស្រីលង្កាកាលពីឆ្នាំ២០១៩ តាមគោលនយោបាយជាតិនិយម ដោយលោកបានសន្យាថា កងទ័ពដែលបង្ក្រាបក្រុមឧទ្ទាមខ្លាតាមិល នឹងមិនត្រូវបានយកទៅកាត់ទោសទេ៕