(ហ្សាការតា)៖ ភ្នំភ្លើងដែលសកម្មបំផុតក្នុងប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃពុធនេះបានផ្ទុះជាថ្មីម្តងទៀត ដោយជះកម្អែរភ្លើងហូរចុះមកពីមាត់វាចម្ងាយ ១,៥០០ម៉ែត្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

វាជាការលំហូរកម្អែរភ្លើង ដ៏វែងបំផុតមិនធ្លាប់មាននៃភ្នំភ្លើង មើរ៉ាពី (Merapi) ដែលស្ថិតនៅចន្លោះខេត្តជ្វាកណ្តាល និងខេត្តយ៉ូកយ៉ាការតា (Yogyakarta) គិតចាប់តាំងតែពី អាជ្ញាធរឥណ្ឌូណេស៉ី បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងនេះ ទៅកម្រិតខ្ពស់បង្អស់ទី ២ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ទោះបីជាមានការផ្ទុះជាថ្មីទៀតក៏ដោយ ក៏ការប្រកាសអាសន្នត្រូវបានរក្សានៅកម្រិតដដែល ហើយប្រជាជនត្រូវបានណែនាំ ឲ្យបន្តនៅឆ្ងាយពីជុំវិញភ្នំភ្លើងនេះចាប់ពី ០៥គីឡូម៉ែត្រឡើងទៅ ស្របពេលដែលអាជ្ញាធរកំពុងឃ្លាំមើលស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា ភ្នំភ្លើង Merapi ដែលមានកម្ពស់ជិត ៣,០០០ម៉ែត្រ ជាភ្នំភ្លើងបញ្ចេញសកម្មភាពញឹកញាប់បំផុតនៅឥណ្ឌូណេស៉ី ហើយមួយរយៈចុងក្រោយចុងក្រោយនេះ វាបានផ្ទុះជះកម្អែរភ្លើង និងផ្សែងជាច្រើនលើក។ ហេតុការណ៍ផ្ទុះធ្ងន់ធ្ងរចុងក្រោយបំផុតរបស់វា បានកើតឡើងកាលពីឆ្នាំ២០១០ ដែលបានផ្តាច់ជីវិតមនុស្ស ៣៤៧នាក់៕