(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ COVID-19 ៨១៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ១៥,៤៦៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

អ្នកស្លាប់ថ្មីម្នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៧៦នាក់ ខណៈ១១,០៥៤នាក់ បានជាសះស្បើយឡើងវិញ។ អាជ្ញាធរសុខាភិបាលថៃ បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានច្រើនជាង ៧០០ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត Samut Sakhon ដែលជាចំណុចកណ្ដាល នៃការឆ្លងរាតត្បាត COVID-19 កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា ថៃ បានបញ្ជាទិញវ៉ាក់សាំង ៦១លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និង ២លានដូសពីក្រុមហ៊ុនចិន Sinovac ហើយវ៉ាក់សាំងទាំង ៦៣លានដូស នេះ នឹងត្រូវចាក់ជូនប្រជាជន ៣១.៥លាននាក់ (ម្នាក់ត្រូវចាក់ ២ដូស) នៃប្រជាជនថៃសរុប៧០លាននាក់។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ អាជ្ញាធរថៃ បានបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca នឹងដឹកជញ្ជូនវ៉ាក់សាំងរបស់ខ្លួន ១៥០,០០០ដូស មកកាន់ប្រទេសថៃ ជាមួយគម្រោងចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង ៥០,០០០ដូស នៅខែកុម្ភៈខាងមុខនេះ៕