(ប៉េកាំង)៖ មន្រ្តីសុខាភិបាលចិននៅថ្ងៃពុធនេះបានប្រកាសថា ប្រទេសចិនបានផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួន បានសរុប ២២.៧៧លានដូសរួចទៅហើយ ខណៈប្រទេសនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

ប្រទេសចិនដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះ បានពង្រីកគម្រោងការចាក់វ៉ាក់សាំងរបស់ខ្លួន ចាប់តាំងពីពាក់កណ្តាលខែធ្នូមកម្ល៉េះ ដើម្បីបញ្ចូលក្រុមអ្នកដែលមានអាទិភាព ក្នុងការទទួលបានការចាក់វ៉ាក់សាំងបន្ថែមទៀត ពោលគឺក្រុមអ្នកដែលប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងវីរុសកូរ៉ូណា (COVID-19) នេះ ក្នុងគោលបំណងបង្ការការផ្ទុះករណីឆ្លងនៅរដូវរងា និងរដូវផ្ការីក។

ជុំវិញយុទ្ធនាការបង្កើនការចែកចាយវ៉ាក់សាំងខាងលើនេះ លោក ហ្សេង យីស៊ីន (Zeng Yixin) អនុប្រធានគណៈកម្មការសុខភាពជាតិចិន បានលើកឡើងថា «សរុបមកការងារនេះ កំពុងដំណើរការទៅមុខដោយរលូន និងមានសណ្តាប់ធ្នាប់»។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times ប្រទេសចិនមានគោលបំណងផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនប្រមាណ ៥០លាននាក់នៅមុនថ្ងៃចូលឆ្នាំចិន ដែលប្រារព្ធឡើងនៅអំឡុងខែកុម្ភៈខាងមុខនេះ។ គម្រោងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសឥឡូវនេះ បានផ្តល់អាទិភាពដល់ក្រុមសំខាន់ៗដូចជា ក្រុមមន្ត្រីសុខាភិបាល, ក្រុមអ្នកដឹកជញ្ជូន និងក្រុមអ្នកបម្រើ-ចែកចាយចំណីអាហារ, ក្រុមអ្នកធ្វើការសំខាន់ៗ និងក្រុមនិស្សិតដែលត្រូវចេញទៅរៀនក្រៅប្រទេស៕