(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង លោក ហា ថេឃឹង (Ha Tae-keung) នៅថ្ងៃអង្គារនេះបាននិយាយថា មន្ត្រីទូតម្នាក់ដែលមានតួនាទីជា អគ្គរដ្ឋទូតស្ដីទីកូរ៉េខាងជើង ប្រចាំនៅប្រទេសគុយវែត បានរត់មកសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

លោក Ha Tae-keung បានធ្វើការអះអាងដូចខាងលើ ដោយផ្អែកលើប្រភពពី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ដែលបានផ្ដល់ព័ត៌មាននេះឱ្យលោក។ មន្ត្រីការទូត កូរ៉េខាងជើងរូបនេះរួមជាមួយប្រពន្ធ និងកូនម្នាក់បានរត់មកសុំសិទ្ធិជ្រកកោន ក្នុងប្រទេសកូរ៉េខាងត្បូង តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែព័ត៌មាននេះទើបតែត្រូវបានគេបញ្ចេញ នៅក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។ លោក Ha បានបន្ថែមទៀតថា មន្ត្រីការទូតកូរ៉េខាងជើងដែលបច្ចុប្បន្ន បានប្ដូរឈ្មោះមកជា រី យុនវូ (Ryu Hyun-woo) បានរត់ភៀសខ្លួន ដោយមានជំនួយពីបេសកកម្មការទូតកូរ៉េខាងត្បូង។

ទោះជាបែបនេះក្ដី បើតាមលោក Ha ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ មិនបានបញ្ជាក់ថា តើបេសកកម្មការទូតកូរ៉េខាងត្បូង ប្រចាំប្រទេសណាមួយ ជាអ្នកដែលបានជួយមន្ត្រីការទូតកូរ៉េខាងជើង ខាងលើនេះឡើយ ហើយក៏មិនបានឱ្យដឹងថា តើហេតុអ្វីបានជារូបគេសម្រេចចិត្ត រត់មកកាន់កូរ៉េខាងត្បូងនោះដែរ ខណៈរដ្ឋាភិបាលគុយវ៉ែត និងទីក្រុងព្យុងយ៉ាង មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អគ្គរដ្ឋទូតស្ដីទីកូរ៉េខាងជើង ប្រចាំប្រទេសអ៉ីតាលី លោក ចូ សុងជីល (Jo Song Gil) រួមជាមួយភរិយា ត្រូវបានគេរាយការណ៍ថា បានរត់ភៀសខ្លួនមកសុំសិទ្ធិជ្រកកោន ក្នុងប្រទេសកូរ៉េខាងត្បូង ហើយកាលពីឆ្នាំ២០១៦ លោក ថេ យ៉ាងហូ (Tae Young Ho) ដែលជាធ្លាប់ជាអតីតរដ្ឋមន្ត្រីមួយរូប ប្រចាំស្ថានទូតកូរ៉េខាងជើង ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក៏បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូងផងដែរ ដោយទទួលបានការការពារពីរដ្ឋាភិបាលទីក្រុងសេអ៊ូល។ បើតាមទិន្នន័យរដ្ឋាភិបាលកូរ៉េខាងត្បូង ពលរដ្ឋកូរ៉េខាងជើងច្រើនជាង ៣៣,០០០នាក់ហើយ បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង គិតចាប់តាំងពីសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅ៕