(ហាណូយ)៖ ប្រធានគណបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានសម្តែងការស្ងើចសរសើរនូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងវិបត្តិ COVID-19 របស់ប្រទេសវៀតណាមថា ជាសមិទ្ធិផលដ៏ធំអស្ចារ្យមួយ ក្នុងឱកាសនៃការចាប់ផ្តើមបើកសមាជបក្សនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

លោក Trong បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបានបន្តអភិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ហើយធ្វើឲ្យប្រជាជនវៀតណាមកាន់តែមានទំនុកចិត្តរឹងមាំលើគណបក្ស រដ្ឋាភិបាល និងរបបសង្គមនិយមរបស់វៀតណាម។

បើក្រឡេកមើលផ្នែកសេដ្ឋកិច្ច វៀតណាមបានមើលឃើញសេដ្ឋកិច្ចរបស់ខ្លួនទទួលកំណើនយ៉ាងលឿនជាង ប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៉ី ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ រីឯវិបត្តិជំងឺរាតត្បាតសកល COVID-19 ក៏ត្រូវបានទប់ស្កាត់យ៉ាងល្អ ក្នុងប្រទេសវៀតណាមផងដែរ។

គួរបញ្ជាក់ថា សម្រាប់រយៈពេលប្រជុំសរុប៩ថ្ងៃ ប្រតិភូនៃអង្គសមាជគណបក្សកុម្មុយនិស្តវៀតណាម នឹងធ្វើការជ្រើសរើសក្រុមថ្នាក់ដឹកនាំថ្មី ព្រមទាំងដាក់ចេញផែនការយុទ្ធសាស្រ្តថ្មីៗ សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ បក្សកុម្មុយនិស្តវៀតណាមបើកប្រជុំសមាជរៀងរាល់៥ឆ្នាំម្តង៕