(វ៉ាស៉ីនតោន)៖ លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានបើកការិយាល័យមួយ ដែលនឹងទទួលបន្ទុកចាត់ចែងកាតព្វកិច្ចរបស់លោក ក្នុងនាមជាអតីតប្រធានាធីបតីអាមេរិកម្នាក់ ព្រមទាំងបន្តជំរុញគោលដៅនៃអតីតរដ្ឋបាលរបស់លោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

ការិយាល័យខាងលើនឹងមានតួនាទី រៀបចំកិច្ចការសំខាន់មួយចំនួនដូចជា ការទំនាក់ទំនង, សេចក្តីថ្លែងការណ៍, ការបង្ហាញវត្តមាន, និងសកម្មភាពផ្លូវការនានារបស់លោក ដូណាល់ ត្រាំ ក្រោមគោលដៅជំរុញក៏ដូចជាបន្តលើកកម្ពស់ ផលប្រយោជន៍ជាតិអាមេរិក ព្រមទាំងបន្តនូវគោលដៅនៃអតីតរដ្ឋបាលរបស់លោក តាមរយៈការចូលរួមសកម្មភាពផ្សេងៗ។

គួរបញ្ជាក់ថា ចាប់តាំងពីចាកចេញពីសេតវិមានកាលពីថ្ងៃទី២០ ខែមករា មក លោក ដូណាល់ ត្រាំ ពុំទាន់បានបង្ហាញវត្តមានជាសាធារណៈម្តងឡើយ។ ថ្ងៃចុងក្រោយនៃអាណត្តិរបស់លោក លោក ត្រាំ បានធ្វើដំណើរទៅកាន់រមណីយដ្ឋាន ម៉ាអាឡាហ្គោ (Mar-a-Lago) របស់លោក ដែលស្ថិតក្នុងទីក្រុង ផាមប៊ិច (Palm Beach) នៃរដ្ឋផ្លូរីដា ដោយមិនបានចូលរួមពីធីស្បថកាន់តំណែងរបស់លោក ចូ បៃដិន នោះទេ៕