(វ៉ាស៉ីនតោន)៖ លោក ចន វីតលី (John Whitley) មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកងទ័ពជើងគោកអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា (ពេលវេលានៅសហរដ្ឋអាមេរិក) កងកម្លាំងឆ្មាំជាតិជាង ៥,០០០នាក់ នឹងត្រូវដាក់ឲ្យបន្តឈរជើងការពារសុវត្ថិភាព នៅក្នុងរដ្ឋធានីវ៉ាស៉ីនតោន រហូតទាល់តែដល់ពាក់កណ្តាលខែមីនា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

យោងតាមលោក Whitley ការរក្សាទុកកម្លាំងឆ្មាំជាតិច្រើនបែបនេះ ឲ្យនៅឈរជើងក្នុងទីក្រុងវ៉ាស៉ីនតោន រហូតដល់ពាក់កណ្តាលខែមីនា គឺដោយសារតែមានការព្រួយបារម្ភបញ្ហាសន្តិសុខ ជុំវិញលទ្ធភាពនៃការផ្ទុះឡើងនូវការធ្វើបាតុកម្ម ក៏ដូចជាភាពវឹកវរ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។

កន្លងមកនេះកងកម្លាំងឆ្មាំជាតិរហូតដល់ ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងវ៉ាស៉ីនតោន ដើម្បីរក្សាសន្តិសុខពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បន្ទាប់ពីមានការធ្វើកុបកម្មយ៉ាងកក្រើក នៅវិមានសភាអាមេរិកកាលពីថ្ងៃទី០៦ ខែមករា។ បច្ចុប្បន្ននៅមានវត្តមាន កងកម្លាំងឆ្មាំជាតិ ១៥,០០០នាក់ ក្នុងរដ្ឋធានីរបស់អាមេរិក។ វានឹងត្រូវបន្ថយនៅ ៧,០០០នាក់ត្រឹមចុងសប្តាហ៍នេះ ហើយនឹងបន្តថយទៀតនៅខ្ទង់ ៥,៦០០នាក់ ត្រឹមពាក់កណ្តាលខែមីនា។

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិកបើកសវនាការជំនុំជម្រះលើ «ដំណើរការកាត់ទោសអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ» នៅសប្តាហ៍ទី២ នៃខែកុម្ភៈ ហើយត្រូវគេរំពឹងថា អាចនឹងបន្តរហូតដល់ខ្ទង់ពាក់កណ្តាលខែមីនា៕