(ហ្សាគ្រេប)៖ នាយករដ្ឋមន្រ្តីក្រូអាត លោក អាន់ដ្រេន ផ្លែនកូវិច (Andrej Plenkovic) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរាយការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា វ៉ាក់សាំងការទូតបានប្រែក្លាយជាការប្លន់វ៉ាក់សាំង ដោយលោកចង់សំដៅទៅលើ ការពន្យារពេលដឹកជញ្ជូនវ៉ាក់សាំង COVID-19 ទៅកាន់សហភាពអឺរ៉ុប (EU)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

លោក Plenkovic បានកត់សម្គាល់ថា ក្រុមហ៊ុនផលិតឱសថគួរតែគោរពកិច្ចព្រមព្រៀង ដែលពួកគេបានសម្រេចជាមួយសហភាពអឺរ៉ុប។ លោក Plenkovic បានគូសបញ្ចាក់ថា «សហភាពអ៊ឺរ៉ុប បានវិនិយោគថវិកាយ៉ាងច្រើន ដើម្បីគាំទ្រដល់ក្រុមហ៊ុនស្រាវជ្រាវ និងផលិតឱសថ ហើយយើងនឹងទទូចដល់ក្រុមហ៊ុនទាំងនោះ ឲ្យពួកគេបំពេញកាតព្វកិច្ច ទៅតាមកិច្ចព្រមព្រៀង»

គួរបញ្ជាក់ថា ប្រទេសក្រូអាតបានចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំង COVID-19 ចំនួន ៥.៦លានដូសពីក្រុមហ៊ុនផលិតឱសថផ្សេងៗគ្នា តាមរយៈសហភាពអឺរ៉ុប។ ការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech) បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ។ មនុស្សជាង ៧ម៉ឺននាក់នៅក្នុងប្រទេសក្រូអាត បានទទួលការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូងរបស់ពួកគេរួចហើយ និងរហូតមកដល់ពេលនេះ មនុស្សមានប្រមាណ ១១,៩០៧នាក់បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី ២ របស់ពួកគេ។ ប៉ុន្តែដោយសារការពន្យារពេលដឹកជញ្ជូនវ៉ាក់សាក់ នោះដំណើរការចាក់វ៉ាក់សាំងសម្រាប់ដូសទី ២ ក៏នឹងត្រូវពន្យារពេលផងដែរ។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានសុខភាពក្រូអាត រហូតមកទល់ពេលនេះ ប្រទេសក្រូអាត បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២២៩,០៥៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៨៥៩នាក់ និងអ្នកជាសះស្បើយ ២២១,៦៧៦នាក់៕