(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលដៅជំរុញការផលិតនៅក្នុងស្រុក តាមរយៈគោលនយោបាយ «ទិញផលិតផលអាមេរិក ឬ Buy American»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

បទបញ្ជាប្រតិបត្តិខាងលើ ដែលស្ថិតនៅក្រោមគោលនយោបាយ Buy American របស់លោក ចូ បៃដិន នឹងផ្ដល់អាទិភាពឱ្យបណ្ដាក្រុមហ៊ុន ឬផលិតផលអាមេរិកទទួលបាន កិច្ចសន្យាពីរដ្ឋបាលសហព័ន្ធ។ គោលនយោបាយនេះ ក៏នឹងជំរុញផងដែរនូវការបង្កើតការងារ ព្រមទាំងបង្កើនការវិនិយោគ ដែលនេះជាផ្នែកមួយនៃការសន្យារបស់លោក បៃដិន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងរងគ្រោះដោយសារ COVID-19។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់ ៦០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ លើកិច្ចសន្យានានាជាមួយក្រុមហ៊ុនអាមេរិក ដើម្បីទីភ្នាក់ងារ ឬក្រសួងរបស់ខ្លួន ទិញផលិតពីក្រុមហ៊ុនអាមេរិក និងបង្កើតការផលិតនៅក្នុងស្រុក ឬ Made in America ក៏ប៉ុន្តែក្រុមហ៊ុនអាមេរិកធំៗភាគច្រើន បែរជាមានរោងចក្រខ្លួនឯង នៅតាមបណ្ដាប្រទេសដទៃ ច្រើនជាងនៅក្នុងស្រុកទៅវិញ៕