(អាមេរិក)៖ អាជ្ញាធរអាមេរិកបានឲ្យដឹងថា មនុស្សចំនួន ០៥នាក់ ក្នុងនោះរួមមានទាំងស្រ្តីមានផ្ទៃពោះម្នាក់ផងដែរ ត្រូវបានគេបាញ់ស្លាប់នៅក្នុងផ្ទះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅឯទីក្រុងអ៉ីនឌីអាណាផូលីស (Indianapolis) នៃរដ្ឋអ៉ីនឌីអាណា (Indiana) របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

ជនរងគ្រោះខាងលើនេះមានអាយុពី ១៣ឆ្នាំ ដល់ ៤២ឆ្នាំត្រូវប៉ូលិសរកឃើញស្លាប់នៅក្នុងផ្ទះមួយកន្លែង។ យោងតាមការសន្និដ្ឋានរបស់ប៉ូលិសនៃទីក្រុង Indianapolis ហេតុការណ៍បាញ់ប្រហារខាងលើ គឺមិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាទង្វើបាញ់ប្រហារដោយមានការប៉ុនប៉ងទុកជាមុន ដោយជនដៃដល់ម្នាក់ ឬក៏អាចជាក្រុមជនដៃដល់។ មកទល់ពេលនេះពុំទាន់មានជនសង្ស័យណាមួយ ត្រូវបានចាប់ខ្លួននៅឡើយទេ ខណៈអាជ្ញាធរអាមេរិកកំពុងបន្តការស៉ើបអង្កេត៕