(អាមេរិក)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ទើបតែបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបដល់ទៅ ១៤៣គ្រឿងឡើងទៅកាន់ទីអវកាស នៅក្នុងរ៉ុក្កែតតែមួយប៉ុណ្ណោះ ដែលវាជាការបំបែកកំណត់ត្រាថ្មីនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

ក្នុងការបាញ់បង្ហោះខាងលើ គឺមានផ្កាយរណប Starlink តែ ១០គ្រឿងប៉ុណ្ណោះ ខណៈ ១៣៣គ្រឿងទៀតគឺជាផ្កាយរណបចម្រុះរបស់ក្រុមហ៊ុន ក៏ដូចជារដ្ឋាភិបាលប្រទេសផ្សេងៗ ហើយវាប្រព្រឹត្តទៅដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9។ Starlink គឺជាគម្រោងរបស់ក្រុមហ៊ុន SpaceX ដែលមានគោលដៅបង្កើតបណ្តាញផ្កាយរណបដ៏ធំមួយ ដើម្បីផ្តល់សេវាអ៉ីនធើណែតល្បឿនលឿន ពីទីអវកាសមកគ្រប់ទីកន្លែងលើផែនដី។

គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃការបាញ់បង្ហោះផ្កាយរណបច្រើនគ្រឿងបំផុតក្នុងរ៉ុក្កែតតែមួយ គឺត្រូវសម្រេចបានដោយប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៧ ដែលផ្កាយរណបនាពេលនោះមានចំនួន ១០៤គ្រឿង។ នៅក្នុងចំណោមផ្កាយរណបដែលទើបត្រូវបានបាញបង្ហោះទាំង ១៤៣គ្រឿងនោះ ៤៨គ្រឿងជារបស់ក្រុមហ៊ុន Planet ដែលជាក្រុមហ៊ុនធ្វើការងារខាងអង្កេតផ្ទៃភពផែនដី។ SpaceX ក៏បានធ្វើការ Live វីដេអូជូនក្រុមអ្នកគាំទ្របានទស្សនាផងដែរ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា (ពេលវេលានៅអាមេរិក)៕