(តេអេរ៉ង់)៖ អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា ពួកគេបានឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង និងកប៉ាល់ដឹកប្រេងរបស់ប្រទេសប៉ាណាម៉ាមួយគ្រឿង ដែលមានការសង្ស័យថា បានដឹកប្រេងខុសច្បាប់នៅក្នុងដែនទឹកប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូនេស៊ីបាននិយាយថា កប៉ាល់ដឹកប្រេងដែលមានឈ្មោះថា MT Horse ដែលមានដោតទង់ជាតិអ៊ីរ៉ង់ និងកប៉ាល់មួយទៀតឈ្មោះថា MT Frea ដែលមានដោតទង់ជាតិនៃប្រទេសប៉ាណាម៉ា ត្រូវបានរឹបអូសនៅក្នុងដែនទឹកនៅឯខេត្ត Kalimantan ស្ថិតភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា កប៉ាល់ដឹកប្រេងទាំងពីរខាងលើនេះ ត្រូវបានគេសង្ស័យថា បានប្រព្រឹត្តិការបំពានជាច្រើន រួមមានដូចជាការបិទប្រព័ន្ធកំណត់អត្តសញ្ញាណ និងការធ្វើដំណើរដោយខុសច្បាប់ ក៏ដូចជាការផ្ទេរប្រេងឥន្ធនៈខុសច្បាប់រវាងកប៉ាល់ និងកប៉ាល់ប្រេងផ្សេអទៀត។

គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានទទួលស្គាល់ពីការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួននះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតជុំវិញបញ្ហានេះឡើយ។ អ៊ីរ៉ង់ ដែលជាកន្លែងស្តុកប្រេងនិងឧស្ម័នធម្មជាតិដ៏ធំ បានមើលឃើញការលក់នៅក្រៅប្រទេសរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានកាត់បន្ថយប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាលឈូងសមុទ្រមួយនេះ៕