(ប៉េកាំង)៖ កម្មករសរុបចំនួន៧នាក់ត្រូវបានជួយសង្រ្គោះនៅថ្ងៃអាទិត្យនេះ បានបន្ទាប់ពីជាប់ខ្លួននៅក្រោមដីអស់១៤ថ្ងៃ ក្រោយហេតុការណ៍ផ្ទុះអណ្តូងរ៉ែមាសមួយកន្លែង នៅខេត្តសានទុង (Shandong) ភាគឦសានប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១។

កាលពីវេលាព្រឹកថ្ងៃអាទិត្យកម្មករម្នាក់ដំបូងគេ ត្រូវបានជួយសង្រ្គោះចេញពីទីតាំងមួយនៃអណ្តូងរ៉ែ។ ក្រោយមក កម្មករ៣នាក់ទៀតត្រូវបាន សង្រ្គោះចេញពីទីតាំងដាច់ដោយឡែកមួយទៀតនៃអណ្តូងរ៉ែ ហើយនៅរសៀលនេះ កម្មករ៣នាក់ថែមទៀត ត្រូវបានជួយសង្រ្គោះចេញពី ទីតាំងដដែល។ នៅកន្លែងទី២នោះ មានកម្មករសរុប១០នាក់ ដូច្នេះមានន័យថានៅសល់៤នាក់ទៀត។

គួរបញ្ជាក់ថា កម្មករសរុប២២នាក់បានជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែហ៊ូសាន (Hushan) កាលពីថ្ងៃទី១០ ខែមករា ក្នុងតំបន់ឈីសៀ (Qixia) ដែលជាតំបន់ធំមួយខាងផលិតមាសនៃខេត្តសានទុង។ ក្នុងចំណោមនោះ កម្មករម្នាក់ត្រូវគេដឹងថាបានបាត់បង់ជីវិត ហើយ១០នាក់មិនអាចត្រូវក្រុមសង្រ្គោះទាក់ទងជាមួយបាន៕