(ព្រុចសែល)៖ យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 របស់សហភាពអឺរ៉ុប ត្រូវប្រឈមមុខនឹងការរាំងស្ទះសាជាថ្មី បន្ទាប់ពីក្រុមហ៊ុនអង់គ្លេស AstraZeneca បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំង ដល់តំបន់អឺរ៉ុបរហូតដល់ទៅ ៦០ភាគរយ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២១នេះ ដោយសារតែបញ្ហាផលិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន AstraZeneca បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បរិមាណនៃការផ្គត់ផ្គង់វ៉ាក់សំាង នឹងមិនអាចបំពេញតាមតម្រូវការ ដែលបានគ្រោងទុកនោះទេ ដោយសារតែបញ្ហានៃការកាត់បន្ថយការផលិត នៅឯរោងចក្រមួយនៃចង្វាក់ផលិតកម្មរបស់អឺរ៉ុប»។

អ្នកនាំពាក្យខាងលើនេះ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមទៀតនោះទេ ខណៈការកាត់បន្ថយការផ្គត់ផ្គង់នេះនឹងបង្កការរាំងស្ទះដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់សហភាពអឺរ៉ុប ក្រោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ក៏បានប្រកាសពីការកាត់បន្ថយជាបណ្ដោះអាសន្ន នូវការផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេ ដល់ប្លុកមួយនេះផងដែរ ដោយសារតែមានបញ្ហាក្នុងការផលិត។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ៣០០លានដូស ពីក្រុមហ៊ុន AstraZeneca ជាមួយជម្រើសទិញបន្ថែម ១០០លានដូស ហើយនេះគឺផ្នែកមួយនៃការប្ដេជ្ញាចិត្ត នៃក្រុមហ៊ុនអង់គ្លេសមួយនេះ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងច្រើនជាង ៣ពាន់លានដូសនៅជុំវិញពិភពលោក៕