(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៣,៧៥៨នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៤,៣៦៣នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៥,១៩៦,០៨៦ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤២០,២៨៥នាក់ និងជាសះស្បើយឡើងសរុប ១៥,១០០,៩១១លាននាក់។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា រួចហើយ។ ក្រោយការស្បថឡើងកាន់តំណែង តែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO)។ លោក ចូ បៃដិន បានអះអាងថា រយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក គឺជាសង្គ្រាមដើម្បីប្រយុទ្ធនឹង COVID-19៕