(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានលើកឡើងនូវសំណើ បន្តសុពលភាពរយៈពេល ០៥ឆ្នាំបន្ថែមទៀតជាមួយរុស្ស៊ី លើសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលនឹងត្រូវអស់សុពលភាព នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានប្រាប់អ្នកសារព័ត៌មានថា ការប្រកាសខាងលើដែលធ្វើឡើងនៅថ្ងៃដំបូង នៃការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក គឺបង្ហាញពីបំណងរបស់លោក បៃដិន ក្នុងការបង្ការការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែនេះមិនមែនមានន័យថា លោក បៃដិន នឹងផ្លាស់ប្ដូរគោលជំហរ ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយរុស្ស៊ី ឬកែប្រែលក្ខខណ្ឌណាមួយ ក្នុងសន្ធិសញ្ញានេះឡើយ។ លោកស្រី Psaki បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានបំណងបន្តសុពលភាព ០៥ឆ្នាំទៀតលើសិទ្ធិសញ្ញា New START ជាមួយរុស្ស៊ី... តែទោះជាយ៉ាងណា យើងនឹងឱ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះទង្វើបង្កគ្រោះថ្នាក់ និងសកម្មភាពជាសត្រូវ ជាមួយបណ្ដាប្រទេសដទៃ»

គួរបញ្ជាក់ថា New START គឺជាសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយគេបំផុត រវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី ដែលមានគោលដៅកាត់បន្ថយការបង្កើនក្បាលគ្រាប់ នុយក្លេអ៊ែររវាងមហាអំណាចទាំង ២។ សន្ធិញ្ញានេះនឹងត្រូវអស់សុពលភាព នៅថ្ងៃទី០៥ ខែកុម្ភៈខាងមុខនេះ៕