(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បាននិយាយថា ការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក អាចនឹងឡើងចំណុចកំពូល ក្នុងពេលឆាប់ៗនេះ ដោយផ្អែកលើអាត្រាអ្នកឆ្លងក្នុងរយៈពេល ០៧ថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

លោក Anthony Fauci បានថ្លែងដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Fauci ក៏បានសង្កត់ធ្ងន់ដែរថា វ៉ាក់សាំងដែលក្រុមហ៊ុនអាមេរិកផលិតឡើង គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19 ទម្រង់ថ្មី។ អ្នកជំនាញកំពូលរូបនេះ ក៏មិនភ្លេចបង្ហើបរឿងមួយទៀតដែរថា ពេលនេះលោកមានអារម្មណ៍ពោរពេញដោយសេរីភាព ក្នុងការបំពេញការងាររបស់ខ្លួន ជាមួយរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ដោយលោកអាចផ្ដោតលើវិទ្យាសាស្ត្រ ដោយមិនចាំបាច់ភ័យខ្លាចពីការលូកលាន់។

គួរបញ្ជាក់ថា ការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានស្ថិតនៅក្រៅការគ្រប់គ្រង អស់រយៈពេលជាច្រើនខែមកហើយ ដោយបច្ចុប្បន្នប្រទេសមហាអំណាចផុតលេខមួយនេះ មានចំនួនអ្នកស្លាប់ និងឆ្លងច្រើនដាច់គេនៅលើពិភពលោក ខណៈចំនួនអ្នកស្លាប់បានកើនលើស ៤សែននាក់ទៅហើយគិតត្រឹមសប្តាហ៍នេះ៕