(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបោះជំហ៊ានភ្លាមៗ នៅក្នុងរយៈពេលមួយថ្ងៃនៃការឡើងកាន់តំណែង តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួលថ្នាក់សហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។

ការចូលកាន់តំណែងបានមួយថ្ងៃមានន័យថា លោក ចូ បៃដិន នៅសល់ពេល ៩៩ថ្ងៃទៀត ដើម្បីបំពេញទៅតាមការប្តេជ្ញា ក្នុងការបង្កើនការធ្វើតេស្ត, តម្រូវឲ្យគ្រប់គ្នាពាក់ម៉ាស និងការចាក់វ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាពបន្ថែម។ នៅក្នុងថ្ងៃដែលលោកប្រធានាធិបតីអាមេរិករូបនេះ ឈានជើងចូលសេតវិមានដំបូង លោកបានរិះគន់ភ្លាមៗថា កម្មវិធីចាក់វ៉ាក់សាំងនៅអាមេរិក ដែលត្រូវបានដាក់ចេញដោយរដ្ឋបាលមុន គឺជាភាពបរាជ័យដ៏គួរឲ្យភ័យខ្លាច។

លោក ចូ បៃដិន បានព្រមានយ៉ាងដូច្នេះថា «អ្វីៗគ្រប់យ៉ាងនឹងវិវឌ្ឍកាន់តែអាក្រក់ (ចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19) មុននឹងស្ថានការណ៍អាចចាប់ផ្តើមប្រសើរឡើងវិញ»។ លោក ចូ បៃដិន បានហៅរយៈពេល ៩៩ថ្ងៃខាងមុខនេះថា «ជាពេលវេលានៃការធ្វើសង្គ្រាម»។ ប្រជាជនអាមេរិករាប់លាននាក់ ត្រូវបានគេរាយការណ៍ថា នឹងត្រូវឈប់សម្រាកពីការងារ ព្រោះតែការបិទទ្វារនេះ។

គួរបញ្ជាក់ថា បទបញ្ជាប្រតិបត្តិរបស់លោក ចូ បៃដិន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងបង្កើតឡើងនូវ ក្រុមប្រឹក្សាភិបាលធ្វើតេស្ត ដើម្បីបង្កើនសកម្មភាពធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក, ជំរុញការផ្គត់ផ្គង់សម្ភារៈដែលខ្វះខាតកន្លងមក, បង្កើតច្បាប់-បទដ្ឋាន សម្រាប់អ្នកដំណើរមកពីបរទេស និងការផ្តល់ធនធានដោយផ្ទាល់ ទៅកាន់សហគមន៍ជនជាតិភាគតិច ដែលរងការវាយប្រហារធ្ងន់ធ្ងរ ដោយសារជំងឺ COVID-19៕