(ឌូប៉ៃ)៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការប្រទេសអារ៉ាប់រួម (WAM) បានបញ្ជាក់ថា ប្រទេសអារ៉ាប់រួម នៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំង COVID-19 របស់រុស្ស៊ី ដែលមានឈ្មោះថា Sputnik V សម្រាប់ប្រើក្នុងស្ថានភាពអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

វ៉ាក់សាំង Sputnik V របស់រុស្ស៊ី គឺជាវ៉ាក់សាំងទី៣ ដែលត្រូវបានអនុម័តឲ្យប្រើប្រាសើបន្ទាន់ ក្នុងប្រទេសអារ៉ាប់រួម បន្ទាប់ពីវ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង Pfizer-BioNTech របស់អាល្លឺម៉ង់ ហើយក៏នឹងក្លាយជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងរបស់ប្រទេសឈូងសមុទ្រមួយនេះ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាដ៏កាចសាហាវ។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប់រួម បានធ្វើជាម្ចាស់ផ្ទះនៃការសាកល្បងព្យាបាល Sputnik V ដំណាក់កាលទី៣ ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវផ្នែកជំងឺរាតត្បាតនិងមីក្រូជីវសាស្រ្ត សហការជាមួយក្រសួងសុខាភិបាលនៃសហព័ន្ធរុស្ស៊ី។ ប្រទេសអារ៉ាប់មួយនេះ កំពុងមើលឃើញការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃដោយមានចំនួនករណីថ្មីចំនួន ៣,៥០៦ករណី ត្រូវបានចុះបញ្ជីនៅថ្ងៃពុធសប្តាហ៍នេះ៕