(បាងកក)៖ អតីតមេបក្សប្រឆាំងថៃ ដែលកំពុងប្រឈមនឹងពាក្យបណ្តឹងព្រហ្មទណ្ឌពីបទប្រមាថព្រះមហាក្សត្រថៃ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រដ្ឋាភិបាលថៃមានបំណងបំបិទមាត់លោក ជុំវិញការរិះគន់របស់លោកចំពោះយុទ្ធសាស្ត្រចាក់វ៉ាក់សាំង COVID-19 របស់រដ្ឋាភិបាលថៃ ដែលពឹងផ្អែកលើក្រុមហ៊ុន មួយដែលគ្រប់គ្រងដោយព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

អតីតមេបក្សប្រឆាំងថៃដ៏លេចធ្លោ គឺលោក ថាណាថន ជួងរូងរួងឃីត (Thanathorn Juangroongruangkit) នៅសប្តាហ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលរបស់ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចាថា បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងមិនត្រឹមត្រូវ ដោយសារតែពឹងផ្អែកខ្លាំងពេកលើក្រុមហ៊ុនផលិតឱសថក្នុងស្រុក Siam Bioscience ដែលវានឹងមានដំណើរការយឺត ក្នុងការការពារប្រជាជនថៃ ពីការឆ្លងរាតត្បាតនៃ COVID-19។

លោក ថាណាថន ក៏បានចោទប្រកាន់ផងដែរថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca គឺខ្វះតម្លាភាព ហើយក្រុមហ៊ុន Siam Bioscience ទទួលបានអត្ថប្រយោជន៍ ច្រើនជាងក្រុមហ៊ុនដទៃ។ រដ្ឋាភិបាលថៃ បានពឹងផ្អែកភាគច្រើនលើក្រុមហ៊ុន AstraZeneca និងបានបន្ថយល្បឿននៃការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនថៃរហូតដល់ខែមិថុនា ខណៈប្រទេសដទៃទៀតបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេរួចទៅហើយ។ ទាំងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Siam Bioscience បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់របស់លោក Thanathorn។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថថៃ Siam Bioscience ជាកម្មសិទ្ធិរបស់ការិយាល័យរាជសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រប់រាជសម្បត្តិ នៃរបបរាជានិយមថៃ។ ក្រុមហ៊ុន Siam Bioscience បានយល់ព្រមផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលនឹងត្រូវផ្គត់ផ្គង់នៅក្នុងស្រុក និងនៅទូទាំងអាស៊ីអាគ្នេយ៍នៅត្រឹមខែតុលា ឆ្នាំ២០២១នេះ។ រដ្ឋាភិបាលថៃ បានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស ចំនួន ៦១លានដូសសំរាប់ប្រជាជនរបស់ខ្លួន ខណៈវ៉ាក់សាំងចំនួន ២លានដូសទៀតពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន៕