(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងស្រុកថ្មីៗ ចំនួន ១០៩ករណីបន្ថែមទៀត។ ប្រការនេះ វាបានធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងក ជុំវិញការផ្ទុះឡើង នៃករណីឆ្លងក្នុងសហគម ខណៈដែលបុណ្យចូលឆ្នាំថ្មី នឹងឈានមកដល់ខែក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។

ការកើនឡើង នៃករណីឆ្លងថ្មីគួរឱ្យព្រួយបារម្ភនេះ បានកើតឡើងនៅចំពេលដែលក្រុមអ្នកស៊ើបអង្កេតរ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក(WHO) កំពុងស្ថិតក្នុងវិធានការធ្វើចត្តាឡីស័ក នៅទីក្រុងវូហាន ដើម្បីស្វែងរកប្រភពដើមនៃជំងឺ COVID-19 ដែលត្រូវបានរកឃើញដំបូង នៅចុងឆ្នាំ ២០១៩ ។

គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១០៩ករណីខាងលើ មាន ៩៦ នាក់គឺជាករណីឆ្លងក្នុងស្រុក ដោយ ៧២នាក់បានរាយការណ៍ចេញពីខេត្ត Hebei, ១២នាក់នៅខេត្ត Heilongjiang, ១០ នាក់នៅខេត្ត Jilin និង ២នាក់ទៀតនៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចិនដីគោក កើនដល់ ៨៨,២២៧ករណី ខណៈចំនួនអ្នកស្លាប់នៅរក្សាបានត្រឹម ៤,៦៣៥នាក់ដដែល គ្មានការប្រែប្រួលឡើយ៕