(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះចិនទើបតែបញ្ចប់ជាស្ថាពរ នូវការសាងសង់មន្ទីរពេទ្យមួយខ្នងមាន ១,៥០០បន្ទប់សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 បន្ទាប់ពីការឆ្លងរាតត្បាត មានសន្ទុះកើនឡើងនៅខេត្ត ហេប៉ី (Hebei) ខណៈការសាងសង់នេះបានប្រើពេលតែ ០៥ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។

មន្ទីរពេទ្យថ្មីខាងលើ ស្ថិតក្នុងចំណោមគម្រោងសាងសង់មន្ទីរពេទ្យសរុបចំនួន ០៦ មានបន្ទប់សរុប ៦,៥០០បន្ទប់ ដែលកំពុងត្រូវបានសាងសង់ឡើងនៅទីក្រុង ណានកុង (Nangong) នៃខេត្ត Hebei។ អាជ្ញាធរចិនរំពឹងថា នៅសប្តាហ៍នេះមន្ទីរពេទ្យទាំងអស់ នឹងត្រូវសាងសង់រួចរាល់។ បន្ទាប់ពីស្ថានភាពបាននឹងនរ អស់រយៈពេលជាច្រើនខែ ចិនកំពុងជួបប្រទះការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលហាក់មានសន្ទុះកើនឡើងក្នុងខែមករានេះ នៅឯទីក្រុង Nangong និងទីក្រុង ស៊ីចៀជ័ង (Shijiazhuang) នៃខេត្ត Hebei។

គួរបញ្ជាក់ថា កម្មវិធីសាងសង់មន្ទីរពេទ្យ ដោយប្រើរយៈពេលខ្លីស្រដៀងនឹងគម្រោងខាងលើ ក៏ត្រូវបានរដ្ឋាភិបាលចិនអនុវត្តកាលពីជំងឺ COVID-19 បានផ្ទុះឡើងដំបូងៗកាលពីឆ្នាំមុនផងដែរ នៅឯទីក្រុងវូហាន នៃខេត្តហឺប៉ី (Hubei) ដែលជាកន្លែងវីរុសកូរ៉ូណាថ្មី ត្រូវបានរកឃើញមុនគេ កាលពីចុងឆ្នាំ២០១៩៕