(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃប្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៣,៣៣៧ករណីបន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៧ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១៥នាក់បន្ថែទៀតផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ មហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Al-Sultan Abdullah) ក៏បានសម្រេចព្រះទ័យដាក់ប្រទេសម៉ាឡេស៊ី ទាំងមូលចូលក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលកំពុងកើនឡើងយ៉ាងគំហុក។

រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១៤៧,៨៥៥ករណី ក្នុងនោះស្លាប់ ៥៧៨នាក់ និងជាសះស្បើយ ១១៣,២៨៨នាក់ ឬស្មើនឹង ៧៦.៦%៕