(សេអ៊ូល)៖ តុលាការកំពូលកូរ៉េខាងត្បូង បានបដិសេធការប្តឹងឧទ្ធរណ៍ ដោយរក្សាទុកជាបានការដដែល នូវការកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ លើអតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ (Park Geun-hye) ដែលត្រូវបានគេរកឃើញថា មានទោសកំហុសពីបទរំលោភអំណាច និងពុករលួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

ការសម្រេចចិត្តរបស់តុលាការកំពូលនៅថ្ងៃព្រហស្បតិ៍នេះ បានរក្សាទុកជាបានការនូវទោសជាប់ពន្ធនាគារ ដែលត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ២០ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២០ ខណៈលោកស្រី Park ដំបូងឡើយត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៣០ឆ្នាំ។ តុលាការកំពូលកូរ៉េខាងត្បូង ក៏បានរក្សាទុកការពិន័យជាប្រាក់ ១៨ពាន់លានវ៉ុន ឬស្មើនឹង ១៧លានដុល្លារអាមេរិកផងដែរ ខណៈកាលពីដំបូងលោកស្រីអតីតប្រធានាធិបតីរូបនេះ ត្រូវបានពិន័យជាប្រាក់ ២០ពាន់លានវ៉ុន។ ការសម្រេចចិត្តរបស់តុលាការកំពូលកូរ៉េខាងត្បូង គឺជាសាលក្រមចុងក្រោយ និងបិទផ្លូវតវ៉ា នៅក្នុងសំណុំរឿងពុករលួយរបស់លោកស្រី Park។

គួរបញ្ជាក់ថា លោកស្រី Park Geun-hye បច្ចុប្បន្នមានអាយុ ៦៨ឆ្នាំ ដែលធ្លាប់ជាប្រធានាធិបតីស្រ្តីដំបូងបំផុតរបស់កូរ៉េខាងត្បូង ត្រូវបានទម្លាក់ពីតំណែងកាលពីឆ្នាំ២០១៧ ក្រោយផ្ទុះរឿងអាស្រូវពុករលួយជាមួយមិត្តជិតស្និទ្ធម្នាក់របស់ខ្លួនឈ្មោះ ឆយ ស៊ូនស៊ីល (Choi Soon-sil)។ កាលពីឆ្នាំ២០១៨ លោកស្រី Park ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើស ១៦ ក្នុងចំណោម ១៨បទល្មើស ដែលរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់ប្រឆាំងនឹងលោកស្រី ហើយនៅក្នុងចំណោមបទលើ្មលទាំង ១៦នោះទៀតសោត ភាគច្រើនមានជាប់ពាក់ព័ន្ធនឹង ការទទួលសំណូក, រំលោភអំណាច និងគំរាមកំហែងជាដើម៕