Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតក្រុមជំនាញ WHO ធ្វើដំណើរទៅដល់ទីក្រុងវូហាន នៃប្រទេសចិនហើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ​​​​(Video inside)

14-01-2021 13:58

(ប៉េកាំង)៖ អាជ្ញាធរចិនបានអះអាងថា ក្រុមជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរមកដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហឺប៉ី (Hebei) របស់ប្រទេសចិនហើយ ដោយស្ថិតនៅក្នុងការគោលដៅ ស៊ើបអង្កេតអំពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

អាជ្ញាធរចិនបានបញ្ជាក់បន្ថែមទៀតថា ការស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា នឹងត្រូវធ្វើឡើងដោយក្រុមជំនាញ WHO សហការជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិន។ សារព័ត៌មានចិនបានឲ្យដឹងទៀតថា ក្រុមជំនាញខាងលើនេះ ដឹកនាំដោយលោក ភីធើ ប៊ិន អ៊ែមបារែក (Peter Ben Embarek) អ្នកជំនាញកំពូលផ្នែកជំងឺសត្វរបស់ WHO និងអ្នកជំនាញឯករាជ្យសរុបមានគ្នា ១០នាក់។

គួរបញ្ជាក់ថា ក្រុមជំនាញមកពីអង្គការ WHO នឹងចំណាយពេល ០២សប្តាហ៍សិនដើម្បីធ្វើចត្តាឡីស័ក គិតចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ហើយបន្ទាប់មកពួកគេនឹងចំណាយពេល ០២សប្តាហ៍ទៀត ដើម្បីធ្វើការស្រាវជ្រាវ និងសាកសួរប្រជាជនមកពីបណ្តាវិទ្យាស្ថានស្រាវជ្រាវ, មន្ទីរពេទ្យ និងទីផ្សារលក់គ្រឿងសមុទ្រនៅទីក្រុងវូហាន។ ក្រុមជំនាញ WHO បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធម្សិលមិញនេះថា ពួកគេនឹងស្នាក់នៅទីក្រុងវូហានតែមួយប៉ុណ្ណោះ ដោយមិនមានគម្រោងធ្វើដំណើរ ទៅទីកន្លែងណាផ្សេងទៀតឡើយ៕