(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួន ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយ ដោយចាក់ជូនប្រជាជនរុស្ស៊ីទាំងអស់តែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Gaurdian នៅយប់ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

តាមរយៈកិច្ចប្រជុំអនឡាញ ជាមួយគណៈរដ្ឋមន្ត្រីរបស់ខ្លួន លោកពូទីន បានប្រាប់ពួកគេយ៉ាងដូច្នេះថា«ខ្ញុំស្នើសុំឲ្យពួកអ្នកចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនទាំងមូល នៅសប្តាហ៍ក្រោយ។

ជុំវិញបញ្ហានេះដែរ ឧបនាយករដ្ឋមន្ត្រីលោក Tatiana Golikova បាននិយាយថា អាជ្ញាធរនឹងត្រៀមខ្លួនដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំង ដោយចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ប្រទេសរូស្សី ដែលជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតនៅលើពិភពលោក បានចាប់ផ្តើមចាក់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ កាលពីខែមុន។ ប៉ុន្តែករណីឆ្លងនិងស្លាប់ប្រចាំថ្ងៃ ហាក់មិនបានថមថយចុះឡើយ។ ជាក់ស្តែងនៅថ្ងៃពុធនេះ រុស្ស៊ីបានរកឃើញករណីឆ្លងថ្មីៗរហូតដល់ ២២,៨៥០ករណី និងស្លាប់ ៥៦៦នាក់ទៀត។ បច្ចុប្បន្ន រុស្ស៊ីបានមករណីឆ្លងសរុបជាង ៣,៤៧១,០០០ករណី ក្នុងនោះស្លាប់ ៦៣,៣៧០នាក់៕