(ដាម៉ាស)៖ ក្រុមឃ្លាំងមើលស្ថានការណ៍សង្រ្គាមនៅប្រទេសស៉ីរី នាថ្ងៃពុធនេះបានរាយការណ៍ថា អ៉ីស្រាអែលបានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសជាថ្មីម្តងទៀតលើទឹកដីស៉ីរី ដែលបានបង្កឲ្យក្រុមសកម្មប្រយុទ្ធ និងកងទ័ពរដ្ឋាភិបាលស៉ីរីយ៉ាងហោច២៣នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

ក្រុមអ្នកឃ្លាំមើលខាងលើបានឲ្យដឹងថា ការវាយប្រហារដ៏ក្តៅគគុកថ្មីនេះពីសំណាក់យោធាអ៉ីស្រាអែល ត្រូវបានធ្វើឡើងទៅលើគោលដៅ ដែលជាទីតាំងរបស់កងកម្លាំងស៉ីរី និងសម្ព័ន្ធមិត្តគឺក្រុមសកម្មប្រយុទ្ធដែលមានអ៉ីរ៉ង់នៅពីក្រោយ នៅឯតំបន់មួយលាតសន្ធឹងចាប់ពីទីក្រុង Deir al-Zour ទៅដល់តំបន់ al-Bukamal ដែលស្ថិតតាមបណ្តោយព្រំប្រទល់រវាងប្រទេសស៉ីរីនិងប្រទេសអ៉ីរ៉ាក់។

គួរបញ្ជាក់ថា យោងតាមប្រភពខាងលើ កងទ័ពស៉ីរីនិងក្រុមសកម្មប្រយុទ្ធជាច្រើននាក់ផ្សេងទៀត ក៏បានរងរបួសធ្ងន់និងស្រាលផងដែរ ខណៈវាគឺជាការវាយប្រហារលើកទីពីរហើយរបស់អ៉ីស្រាអែលទៅលើទឹកដីស៉ីរី បើគិតក្នុងឆ្នាំ២០២១នេះ។ ក្រុមអ្នកឃ្លាំមើលដដែលបានបន្ថែមថា ក្នុងឆ្នាំ២០២០ អ៉ីស្រាអែលបានធ្វើការវាយប្រហារសរុប៣៩លើក ទៅលើទីតាំងយោធារបស់ស៉ីរី ដែលបានសម្លាប់ទាហានស៉ីរី និងក្រុមសកម្មប្រយុទ្ធសរុប២១៧នាក់៕