(វ៉ាស៊ីនតោន)៖ ប្រធានមន្ត្រីប៉ូលិសប្រចាំវិមានសភាអាមេរិក (U.S. Capito ) លោក Steven Sund បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ខណៈមានការរិះគន់ ជាច្រើនជុំវិញបរាជ័យក្នុងការឆ្លើយតបទៅនឹងក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ ដែលបានសម្រុកចូលអគារសភាយ៉ាងងាយស្រួល ដើម្បីរារាំងការទទួលស្គាល់ជ័យជម្នះ របស់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

ក្រុមកុបករគាំទ្រលោក ត្រាំ កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ បានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេ ត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ពួកគេ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួលស្គាល់ ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។ ប៉ូលិសអាមេរិក បានឱ្យដឹងដែរថា មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ។

បើតាមសារព័ត៌មាន NBC News ការលាលែងចេញពីតំណែងរបស់លោក Steven Sund នឹងត្រូវចូលជាធរមាន នៅថ្ងៃទី១៦ ខែមករានេះ ពោលគឺតែបួនថ្ងៃប៉ុណ្ណោះ មុននឹងលោក ចូ បៃដិន ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាសហព័ន្ធនៃរដ្ឋវ៉ាស៊ីនតោន ក៏៏បាននិយាយដែរថាលោកនឹងបើកការស៊ើបអង្កេត ក៏ដូចជាចោទប្រកាន់លើក្រុមមន្ត្រីប៉ូលិសប្រចាំវិមានសភាទាំងឡាយ ណាដែលបានសមគំនិត ឬបើកដៃឱ្យក្រុមបាតុករសម្រុកចូលក្នុងអគារសភា បានយ៉ាងងាយស្រួល៕