(វ៉ាស៊ីនតោន)៖ មន្ត្រីសុខាភិបាលអាមេរិកកំពូល ០២រូប កាលពីថ្ងៃអាទិត្យ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញទិន្នន័យនៃចំនួនករណីឆ្លង និងស្លាប់ច្រើនហួសហេតុដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ហើយអ្នកទាំងពីរក៏បានបង្ហាញពីសុទិដ្ឋិនិយមថា ល្បឿននៃការចាក់វ៉ាក់សាំងកំពុងកើនឡើងវិញហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

លោក Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្ស៊ី និងជំងឺឆ្លង បានថ្លែងប្រាប់សារព័ត៌មាន ABC ថា ចំនួនអ្នកស្លាប់គឺជាការពិត ដោយបន្ថែមទៀតថា ចំនួនអ្នកចូលព្យាបាល នៅតាមន្ទីរពេទ្យនានានៅទូទាំងប្រទេស បាន និងកំពុងកកស្ទះ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងលើបុគ្គលិកសុខាភិបាល។ វាមិនមែនជារឿងក្លែងក្លាយឡើយ។ លោក Fauci និងវេជ្ជបណ្ឌិតម្នាក់ទៀត គឺលោក Jerome Adams បានបង្ហាញខ្លួននៅលើទូរទស្សន៍ CNN ដោយចេញមុខការពារភាពត្រឹមត្រូវ នៃទិន្នន័យវីរុសកូរ៉ូណា ដែលត្រូវបានចេញផ្សាយ ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) បន្ទាប់ពីលោក ត្រាំ បានវាយប្រហារពីវិធីសាស្ត្រនៃការរាប់ទិន្នន័យរបស់ទីភ្នាក់ងារមួយនេះ។

លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖ «ចំនួនករណីឆ្លង និងស្លាប់នៃវីរុសចិន (COVID-19) គឺត្រូវបានគេបំផ្លើសយ៉ាងខ្លាំងនៅ សហរដ្ឋអាមេរិក តាមវិធីសាស្ត្រដ៏គួរឱ្យអស់សំណើចរបស់ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) (@ CDCgov) បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលភាគច្រើនបានរាយការណ៍ ក្នុងចេតនាមិនពិត និងមានចំនួនតិច»។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យពី CDC បានបង្ហាញថា មនុស្សច្រើនជាង ២០ លាននាក់បានឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ក្នុងនោះជិត ៣៤៧,០០០ នាក់បានស្លាប់ ឬស្មើនឹងម្នាក់ក្នុងចំណោមប្រជាជនអាមេរិក ៩៥០នាក់ គិតចាប់តាំងពីវីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ ២០១៩។

លោក Fauci និងលោក Adams បានបង្ហាញនូវសុទិដ្ឋិនិយមថា ល្បឿននៃការចាក់វ៉ាក់សាំងបានកើនឡើងវិញ បន្ទាប់ពីការចាប់ផ្តើមមានភាពយឺតយ៉ាវ។ គិតចាប់តាំងពីថ្ងៃទី ១៤ ខែធ្នូ មនុស្សជាង ៤.២ លាននាក់បានទទួលវ៉ាក់សាំងរួចហើយ ជាមួយនឹងវ៉ាក់សាំងមួយក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទាំងពីររបស់ក្រុមហ៊ុន Pifzer/BioNTech និងក្រុមហ៊ុន Moderna។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះគឺនៅឆ្ងាយពីគោលដៅរបស់រដ្ឋបាលលោក ត្រាំ ដោយមានបំណងចាក់វ៉ាក់សាំងឱ្យបាន ២០ លាននាក់នៅត្រឹមចុងឆ្នាំ ២០២០៕