(បាកដាដ)៖ បព្វជិតនិកាយ ស៊ីអ៊ីត (Shiite) ដ៏លេចធ្លោម្នាក់នៅប្រទេសអ៊ីរ៉ាក់ លោក ម៉ូកតាដា អាល់ ហ្សាដ (Moqtada al-Sadr) កាលពីពេលថ្មីៗនេះ បានចេញមុខព្រមានប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កុំឱ្យទាញប្រទេសអ៊ីរ៉ាក់ចូលទៅក្នុងជម្លោះរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។

លោក al-Sadr បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា «អ៊ីរ៉ាក់បានក្លាយជាជនរងគ្រោះ នៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយក៏បានរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈវាជាសៃវៀនជម្លោះមួយរបស់ពួកគេ»

លោក al-Sadr បានបន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវឱ្យអ៊ីរ៉ង់ ទាញអ៊ីរ៉ាក់ចេញឱ្យឆ្ងាយពីជម្លោះរបស់ខ្លួន ហើយខ្ញុំសូមព្រមានសហរដ្ឋអាមេរិកថា គួរណាតែឈប់បន្តជម្លោះរបស់ខ្លួនទៀត… ព្រោះថាប្រទេសអ៊ីរ៉ាក់ និងប្រជាជានអ៊ីរ៉ាក់ មិនមែនជាភាគីនៅក្នុងជម្លោះនេះទេ»

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានកើតមានភាពតានតឹងរវាងគ្នា ចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០មកម្ល៉េះ គឺនៅពេលដែលយន្តហោះគ្មានមនុស្សបើក (Drone ពិឃាដ) របស់សហរដ្ឋអាមេរិក បានវាយប្រហារក្បួនរថយន្តមួយ នៅឯព្រលានយន្តហោះទីក្រុងបាកដាដ (Baghdad) ប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មេបញ្ជាការកងម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ លោក កាសិម សូឡៃមេនី (Qassem Soleimani) និង នាយរងកងកម្លាំងទ័ពប៉ារ៉ាអ៊ីរ៉ាក់ ដែលមានឈ្មោះថា ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) គឺលោក អាប៊ូ អាល់ មូហាន់ឌីស (Abu Abudidi al-Muhandis)។

ពីរថ្ងៃបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក សភាអ៊ីរ៉ាក់បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលតម្រូវឱ្យរដ្ឋាភិបាលរបស់ខ្លួន បញ្ចប់វត្តមានរបស់កងកម្លាំងបរទេស នៅក្នុងប្រទេស៕