(ម៉ិកស៊ីកូ)៖ គិលានុបដ្ឋាយិកាម៉ិកស៉ីកូម្នាក់ បានក្លាយជាមនុស្សដំបូងគេ នៅអាមេរិកឡាទីន ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ខណៈប្រទេសនេះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រង់ទ្រាយធំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារពត៌មាន BBC នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី Maria Irene Ramirez អាយុ ៥៩ឆ្នាំ ជាប្រធានផ្នែកថែទាំ នៅមន្ទីរពេទ្យ Ruben Lenero ក្នុងទីក្រុងម៉ិកស៊ីកូ ស៊ីធី នៃប្រទេសម៉ិកស៊ីកូ គឺជាអ្នកស្ម័គ្រចិត្តដំបូងគេ ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 នេះ។ លោកស្រី Maria Irene Ramirez បានគូសបញ្ជាក់ដូច្នេះថា៖ «យើងខ្លាច។ ប៉ុន្តែយើងត្រូវបន្តទៅមុខទៀត… ហើយខ្ញុំចង់ក្លាយជាបុគ្គលម្នាក់ ដែលចូលរួមក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ»។

ប្រទេសម៉ិកស៊ីកូ បានទទួលវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដំបូង ចំនួន ៣,០០០ដូស ហើយ ប្រទេសនេះ មានចំនួនអ្នកស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា។ វ៉ាក់សាំង COVID-19 ចំនួន ៣,០០០ដូសដំបូង ក្នុងចំណោម ៣៤លានដូសដែលបានបញ្ជាទិញ បានមកដល់ប្រទេសម៉ិកស៊ីកូ ពីប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃពុធសប្ដាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ប្រទេសឈីលី និងកូស្តារីកា ក៏បានចាប់ផ្តើមគ្រប់គ្រងវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ផងដែរ។ ចំណែកឯ ប្រទេសអាហ្សង់ទីន ក៏គ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀត ប៉ុន្តែប្រទេសនេះ បានជ្រើសរើសវ៉ាក់សាំង COVID-19 របស់ប្រទេសរុស្ស៊ី Sputnik V សម្រាប់ដំណាក់កាលដំបូង ដោយវ៉ាក់សាំងនេះ ប្រហែល ៣០០,០០០ដូស បានមកដល់រដ្ឋធានី Buenos Aires កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins ប្រទេសម៉ិកស៊ីកូ បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៣លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១២១,០០០នាក់ ខណៈប្រទេសឈីលី ក៏បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជិត ៦០០,០០០ករណី ក្នុងនោះមាន អ្នកស្លាប់ជាង ១៦,៣០០នាក់។ ចំណែកឯ ប្រទេសកូស្តារីកា បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជិត ១៦៣,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ២,០០០នាក់ និងប្រទេសអាហ្សង់ទីន ក៏បានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជិត ១.៦លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤២,៣០០នាក់ដែរ៕