(តូក្យូ)៖ គណៈកម្មាធិការមួយនៃក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រជាជនដែលមានអាយុ ៦៥ឆ្នាំ ឬលើសនេះ គួរតែទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំង COVID-19 ខណៈរដ្ឋាភិបាលបានកំណត់គោលការណ៍ណែនាំ ដែលនឹងផ្តល់អាទិភាពជូនដល់បុគ្គលិកសុខាភិបាលជួរមុខ និងអ្នកដែលមានបញ្ហាសុខភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

គណៈគម្មាធិការក៏បានកត់សម្គាល់ទៀតដែរថា អ្នកដែលមានជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺតំរងនោមរុំារ៉ៃ និងក្នុងចំណោមលក្ខខណ្ឌដទៃទៀត ក៏គួរតែត្រូវកំណត់ជាគោលដៅអាទិភាព ដើម្បីទទួលបានវ៉ាក់សាំងផងដែរ។ ការផ្តល់អនុសាសន៍នេះ នឹងរាប់បញ្ចូលមនុស្សចាស់សរុបចំនួន ៣៦លាននាក់ និងមនុស្ស ៨.២លាននាក់ទៀត ដែលមានបញ្ហាសុខភាពនៅក្នុងក្រុមទី ១ ដែលនឹងត្រូវទទួលបានវ៉ាក់សាំងមុនគេ។ ក្រុមប្រឹក្សារដ្ឋមួយផ្សេងទៀតនៅក្នុងសប្តាហ៍នេះក៏បានផ្តល់អនុសាសន៍ ឲ្យមានការផ្តល់អាទិភាពជូនក្រុមគ្រូពេទ្យ និងបុគ្គលិកជួរមុខនៅតាមមណ្ឌលថែទាំមនុស្សចាស់ផងដែរ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនមានប្រជាជនសរុបប្រហែលជា ១២៦លាននាក់ បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន ២៩០លានដូសពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech, ក្រុមហ៊ុន Moderna និងក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស។ បច្ចុប្បន្ននេះប្រទេសជប៉ុន កំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងទី ៣ នៃការឆ្លងរាតត្បាត COVID-19 ដែលបាននិងកំពុងដាក់សម្ពាធ លើប្រព័ន្ធសុខាភិបាលយ៉ាងដំណំ៕