(ហ្សាការតា)៖ ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា អ្នកទោសកាន់សាសនាគ្រិស្តសរុប ១១,៦៦៩នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានទទួលការបន្ធូរបន្ថយ និងលើកលែងទោសជាពិសេសសម្រាប់ថ្ងៃបុណ្យណូអែល ក្នុងនោះក៏រួមមានអ្នកទោស ១៩៥នាក់ត្រូវបានដោះលែងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់ផ្នែកកែសម្រួល លោក រ៉េយញ៉ាដ ស៊ីលីតុងហ្គា (Reynhard Silitonga) បានមានប្រសាសន៍ថា «ការបន្ធូរបន្ថយទោស និងលើកលែងទោសគឺជាផ្ដល់ឱកាសរបស់រដ្ឋ ទៅដល់បណ្តាអ្នកទោសដែលបានព្យាយាមកែខ្លួន ឱ្យបានល្អប្រសើរឡើងវិញ»

ខេត្តដែលមានចំនួនអ្នកទោសខ្ពស់បំផុត ទទួលបានការលើកលែងទោសពិសេសនៅពេលនេះ គឺស៊ូម៉ាត្រាខាងជើង ដែលមានអ្នកទោសទទួលបានការលើកលែងចំនួន ២,១៥២នាក់, ខេត្តនូសាតឹងហ្គារ៉ាខាងកើត (East Nusa Tenggara) ចំនួន ១,៧៣០នាក់ និងខេត្តស៊ូឡាវ៉េស៊ីខាងជើង (North Sulawesi) ចំនួន ៩២៩នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកទោសជាគ្រិស្តសាសនិកសរុបចំនួន ២២,២៤៦នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារនានា នៅប្រទេសឥណ្ឌូណេស៊ី៕