(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានសាទរចំពោះអ្វីដែលលោកចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយលោកបានបន្ថែមទៀតថា ចក្រភពអង់គ្លេសបានយកមកវិញនូវច្បាប់ព្រំដែន និងសិទ្ធិនេសាទនៅក្នុងដែនទឹករបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Johnson បានថ្លែងថា ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលអាចប្រាប់អ្នកទាំងអស់គ្នាថា យើងបានបិទបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុត ដែលមានតម្លៃប្រហែលជា ៦៦០ពាន់លានផោន (៨៩៦ពាន់លានដុល្លារអាមេរិក) នៅក្នុងមួយឆ្នាំ ជាមួយសហភាពអឺរ៉ុប។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ កាម៉េរ៉ូន (David Cameron) និងលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ដែលសុទ្ធតែបានលាលែងចេញពីតំណែង ដោយសារបញ្ហា Brexit បានហៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបថា «ជាដំណឹងដ៏ល្អបំផុត»។

លោក Cameron បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគឺត្រូវបានស្វាគមន៍ ហើយវាគឺជាព័ត៌មានដ៏វិជ្ជមាន ដើម្បីបញ្ចប់ឆ្នាំដ៏លំបាកនេះ។ ទន្ទឹងគ្នានេះដែរ លោកស្រី May បានកត់សម្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នឹងផ្តល់នូវទំនុកចិត្តដល់អាជីវកម្មនានា និងជួយធ្វើឲ្យពាណិជ្ជកម្មមានស្ថិរភាពផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមេដឹកនាំគណបក្សប្រឆាំងគឺលោក កេ ស្តាមើ (Keir Starmer) បាននិយាយថា លោកនឹងគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ លោក Starmer បានបញ្ជាក់ថា នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានបញ្ជូនទៅឲ្យសភា គណបក្សពលករនឹងទទួលយកវា ហើយបោះឆ្នោតគ្រាំទ្រ។ មេបក្សប្រឆាំងរូបនេះ បានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះគឺល្អប្រសើរជាងជម្រើសមុនៗ ហើយប្រសិនបើការចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធ្វើឡើងដោយគ្មានកិច្ចព្រមព្រៀងនោះ នឹងធ្វើឲ្យភាគីទាំងសងខាង រងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាក៏ដោយ លោក Starmer បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះមិនបានផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់ឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ឬសិទ្ធិការងារនៅអង់គ្លេសនោះឡើយ ដែលផ្ទុយពីអ្វីដែលរដ្ឋាភិបាលបានសន្យា៕