(វ៉ាស៊ីនតោន)៖ ភរិយារដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ គឺលោកស្រី ស៊ូសាន ប៉ុមប៉េអូ (Susan Pompeo) បានទទួលការធ្វើតេស្ដចេញលទ្ធផលវិជ្ជមាន COVID-19 កាលពីដើមខែធ្នូ ខណៈលោក ប៉ុមប៉េអូ ត្រូវបង្ខំចិត្តធ្វើចត្តាឡីស័ក និងតេស្តរកវីរុសនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០។

សារព័ត៌មាន Bloomberg ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានបានឱ្យដឹងទៀតថា លោកស្រី Susan Pompeo ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 មុននឹងស្វាមីរបស់លោកស្រីប្រកាសថា លោកនឹងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៦ ខែធ្នូ ក្រោយពីបានប៉ះពាល់មនុស្សម្នាក់ដែលកើនជំងឺនេះ។ លោក ប៉ុមបេអូ ក្រោយមកត្រូវបានធ្វើតេស្ដ «អវិជ្ជមាន» ខណៈក្រសួងការបរទេសអាមេរិក ក៏មិនបានបញ្ជាក់ថា អ្នកដែលលោក ប៉ុមប៉េអូ បានប៉ះពាល់នោះជានរណានោះទេ ហើយក៏មិនបានបញ្ជាក់ថា លោករដ្ឋមន្ត្រីការបរទេសរូបនេះត្រូវធ្វើចត្តាឡីស័ក ចំនួនប៉ុន្មានថ្ងៃនោះដែរ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី២១ ខែធ្នូកន្លងទៅ លោក ប៉ុមបេអូ បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកិច្ចប្រជុំ និងធ្វើសន្និសីទសារព័ត៌មានខ្លីជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះរូបលោក និងភរិយាក៏ត្រូវបានគេរាយការណ៍ផងដែរថា បានចូលរួមក្នុងពិធីជប់លៀងវិស្សមកាលនៅឯសេតវិមាន និងក្រសួងការបរទេសអាមេរិកផងដែរ។
ជាការឆ្លើយតប លោក ប៉ុមប៉េអូ បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន Bloomberg តាមរយៈសារបង្ហោះលើ Twitter ថា «វាគឺជាព័ត៌មានមិនពិតទាំងស្រុង» ហើយលោក និងភរិយា ក៏មិនបានចូលរួមក្នុងពិធីជប់លៀងណាមួយនៅសេតវិមាន ឬក៏ក្រសួងការបរទេសអាមេរិកនោះដែរ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីស្ថានភាពរបស់ភរិយា និងរូបលោកផ្ទាល់ ពាក់ព័ន្ធនឹងការចុះផ្សាយថា ភរិយាលោកបានឆ្លង COVID-19 និងរូបលោកបានធ្វើចត្តាឡីស័កនោះឡើយ៕