(សេអ៊ូល)៖ កាសែតរដ្ឋកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយពីសារសំខាន់នៃការពង្រឹងកិច្ចការពារជាតិនៅក្នុងខួបលើកទី ២៩ នៃការឡើងជាប្រមុខមេបញ្ជាការយោធាកូរ៉េខាងជើងរបស់លោក គីម ជុងអ៉ីល ដែលត្រូវជាឪពុករបស់លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

លោក គីម ជុងអ៉ីល ឪពុករបស់មេដឹកនាំបច្ចុប្បន្នគឺលោក គីមជុង អ៊ុន ត្រូវបានតែងតាំងជាមេបញ្ជាការជាន់ខ្ពស់ផុតលេខនៃកងទ័ពប្រជាជនកូរ៉េខាងជើងកាលពីឆ្នាំ១៩៩១ ពោលគឺ ៣ឆ្នាំ មុនពេលលោកឡើងកាន់អំណាចជាមេដឹកនាំនៃប្រទេសអាស៉ីខាងកើតមួយនេះ។

រ៉ូដុង ស៉ីនមុន (Rodong Sinmun) ដែលជាកាសែតផ្លូវការរបស់គណបក្សពលករកូរ៉េ បានកត់សម្គាល់ពីគោលនយោបាយយកវិស័យយោធា ជាធំរបស់អតីតមេដឹកនាំរូបនេះ ដែលត្រូវគេស្គាល់ថាជាគោលនយោបាយ «សុនហ្គុន (songun)» ដោយលើកឡើងថា កម្លាំងយោធាកូរ៉េខាងជើងសព្វថ្ងៃបានវិវត្តខ្លួនទៅជាកម្លាំងយ៉ាងអស្ចារ្យមហិមា មិនត្រឹមតែគិតតាមផ្នែកនយោបាយប៉ុណ្ណោះទេ គឺគិតទាំងតាមផ្នែកយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាថែមទៀតផង។

នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន កាសែត Rodong Sinmun បានលើកឡើងដូច្នេះថា «អតីតមេដឹកនាំលោក គីម ជុងអ៉ីល បានសម្រេចសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងការកសាងកម្លាំងបដិវត្ត និងក្នុងការពង្រឹងវិស័យការពារជាតិ ក៏ដូចជាក្នុងការអភិវឌ្ឍកងទ័ពប្រជាជនកូរ៉េឲ្យក្លាយជាកម្លាំងដ៏ខ្លាំងមិនគួរឲ្យជឿផងដែរ»

កាសែតរដ្ឋកូរ៉េខាងជើងបានបន្តទៀតថា «ប្រទេសមួយមិនអាចក្លាយជាប្រទេសមហាអំណាចដោយគ្មានកម្លាំងកងទ័ពខ្លាំងបានឡើយ។ ប្រវត្តិសាស្រ្តបានបង្រៀនយើងថា សូម្បីដែលប្រទេសមហាអំណាយមួយ អាចដួលរលំបានដោយសារមានកម្លាំងកងទ័ពទន់ខ្សោយ ហើយប្រទេសតូចមួយវិញក៏អាចទទួលបាននូវសេចក្ដីថ្លៃថ្នូរ ប្រៀបដូចនឹងប្រទេសមហាអំណាចមួយយ៉ាងដូច្នោះ ឲ្យមានតែកម្លាំងកងទ័ពដ៏មានឥទ្ធិពល»

កាសែតដដែលបានបញ្ជាក់ទៀតថា «កូរ៉េខាងជើងបានបង្កើតនូវឧស្សាហកម្មការពារជាតិដ៏ទំនើបនិងឯករាជ្យ ដែលមានសមត្ថភាពបង្កើតបរិក្ខាយោធាណាមួយបានយ៉ាងងាយ ប្រសិនបើយើងមានឆន្ទៈ ដូច្នេះហើយយើងត្រូវថ្លែងអំណរគុណដល់អតីតមេដឹកនាំមុនៗរបស់យើង»។ ទន្ទឹមគ្នានេះ សមិទ្ធិផលរបស់មេដឹកនាំបច្ចុប្បន្នគឺមេដឹកនាំកំពូល គីម ជុងអ៊ុន ក៏ត្រូវតែអរសាទរផងដែរ ជាមួយនឹងអាវុធថ្មីដែលត្រូវបានដាក់បង្ហាញនៅក្នុងពិធីព្យុហយាត្រាយោធាកាលពីពេលថ្មីៗនេះ សុទ្ធតែជាលទ្ធផលនៃការលះបង់របស់លោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅ ទីក្រុងព្យុងយ៉ាងបានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) និងមីស៊ីលផ្លោងចេញពីនាវាមុជទឹក (SLBM) ដែលអន្តរជាតិមិនធ្លាប់ឃើញពីមុនមកឡើយ នៅក្នុងពិធីព្យុហយាត្រាយោធាដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េដែលកំពុងកាន់អំណាច៕