(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា លោកប្រធានាធិបតីចាំផ្ទះ ដូណាល់ ត្រាំ គួរតែយកពេលវេលាដែលនៅសេសសល់ គិតគូរពីបញ្ហានៅក្នុងស្រុក ជាជាងដើរគំរាមកំហែងប្រទេសដទៃ និងធ្វើឱ្យពលរដ្ឋរបស់ខ្លួននៅឯបរទេស ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

លោក Zarif ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះ ជាការឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលបានគំរាមប្រើប្រាស់កម្លាំងយោធាលើអ៉ីរ៉ង់ បើសិនជាពលរដ្ឋអាមេរិកណាម្នាក់បាត់បង់ជីវិត ក្រោយស្ថានទូតអាមេរិក នៅប្រទេសអ៉ីរ៉ាក់ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត។

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះ បាននិយាយបែបឌឺដងទៀតថា លោក ត្រាំ បានគំរាមកំហែងអ៉ីរ៉ង់ និងកំពុងរុញឱ្យពលរដ្ឋអាមេរិក នៅឯបរទេសត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ គឺមិនអាចបង្វែរការចាប់អារម្មណ៍ ពីភាពបរាជ័យរបស់លោក ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនានា នៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះរួមទាំង COVID-19 បាននោះឡើយ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានស្គាល់ភាពតានតឹងខ្លាំងជាថ្មី ក្រោយស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ការវាយប្រហារនេះបានបង្កការខូចខាតមួយចំនួន តែមិនមាននរណាម្នាក់ស្លាប់នោះទេ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់ត្រង់ៗថា ក្រុមជីវពលប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែទីក្រុងតេហេរ៉ង់បានចា្រនចោល ការចោទប្រកាន់បែបនេះ៕