(បាងកក)៖ ក្រសួងសុខាភិបាលថៃនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៦៧នាក់ទៀត ក្នុងនោះមាន ០៩ករណី ដែលជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

លោក ថាវីស៊ីន វិសានុយោធិន (Taweesin Wisanuyothin) ជាអ្នកនាំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 នៃក្រសួងសុខាភិបាលថៃបាននិយាយថា ក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង ៥៨ករណីដែលជាករណីឆ្លងក្នុងសហគមន៍ គឺលើកលែងតែ ០៣ករណីប៉ុណ្ណោះ ដែលមិនជាប់ពាក់ព័ន្ធជាមួយការឆ្លងរាលដាល ដែលត្រូវបានរកឃើញ ពាក់ព័ន្ធទីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងខេត្ត សាមុត សាខន (Samut Sakhorn) នៅភាគនិរតីរាជធានីបាងកក កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា បើគិតចាប់តាំងតែពីសប្តាហ៍មុនមក ករណីឆ្លង COVID-19 ថ្មីៗត្រូវបានរកឃើញនៅខេត្ត-ក្រុងចំនួន ២៧ នៅទូទាំងប្រទេសថៃ ដែលមកទល់ពេលនេះមានសរុបច្រើនជាង ១,៣០០ករណី ទាក់ទងនឹងការរាតត្បាតនៅទីតាំងផ្សារខាងលើ ខណៈក្នុងចំណោមនោះទៀតសោត ភាគច្រើនជាពលករចំណាកស្រុក មកពីប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៥,៨២៩ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,១១៦នាក់៕