(វ៉ាស៊ីនតោន)៖ សភាអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័តកញ្ចប់ថវិកាចំនួន ៨៩២ពាន់លានដុល្លារអាមេរិក ដោយបានបោះជំហានថ្មីមួយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់យ៉ាងតំណំ និងដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសម្រាប់រយៈពេលមួយឆ្នាំទៀត បន្ទាប់ពីសភាបរាជ័យជាច្រើនខែមកហើយ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ រំពឹងថានឹងចុះហត្ថលេខាសេចក្តីព្រាងកញ្ចប់ថវិកាក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីការចរចាគ្នាយ៉ាងក្តៅគគុក អស់រយៈពេលជាច្រើនថ្ងៃ សភាអាមេរិកទាំងពីរបានយល់ព្រមដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ដ៏ធំមួយនេះ ក្រោយសភាតំណាងរាស្ត្របានអនុម័តជាដំបូង ហើយព្រឹទ្ធសភាក៏បានធ្វើតាមដូចគ្នា នៅប៉ុន្មានម៉ោងក្រោយមក។

កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ថ្មីនេះ នឹងរួមបញ្ចូលទាំងវិក័យប័ត្រចំនួន ៦០០ ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកភាគច្រើន ក៏ដូចជាផលប្រយោជន៍ផ្សេងៗទៀតសម្រាប់ប្រជាជន រាប់លាននាក់ ដែលបានបាត់បង់ការងារកំឡុងជំងឺរាតត្បាតសកល COVID-19 ខណៈដែលអត្ថប្រយោជន៍លើកមុន នឹងត្រូវផុតកំណត់នៅថ្ងៃសៅរ៍សប្តាហ៍នេះ។

ប្រធានសភាតំណាងរាស្ត្រលោកស្រី Nancy Pelosi បានបញ្ជាក់ថា លោកស្រីគាំទ្រកញ្ចប់ថវិកានេះ ទោះបីជាវាមិនរួមមានជំនួយផ្ទាល់សម្រាប់រដ្ឋបាលប្រចាំរដ្ឋនីមួយ និងប្រចាំមូលដ្ឋាន ដែលគណបក្សប្រជាធិបតេយ្យចង់បានក៏ដោយ។ លោកស្រីបានបន្ថែមដូច្នេះថា «យើងនឹងព្យាយាមម្តងទៀតនៅឆ្នាំក្រោយ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ចូលកាន់តំណែងជាផ្លូវការ»។

សេចក្តីព្រាងច្បាប់នេះ ក៏គ្របដណ្តប់ថវិកាប្រមាណជា ១.៤ទ្រីលានដុល្លារអាមេរិក ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធ រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ខាងមុខផងដែរ។ កញ្ចប់ថវិកានេះ គឺជាកញ្ចប់ជំនួយទី១ ដែលត្រូវបានអនុម័ត ដោយសភាអាមេរិកបន្ទាប់ពីអាក់ខានតាំងពីខែមេសាមកម្ល៉េះ ស្របពេលដែលករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានលោតដល់ជាង ២១៤,០០០ នាក់ជារៀងរាល់ថ្ងៃ និងមនុស្សសរុបច្រើនជាង ៣១៧,០០០ នាក់បានស្លាប់។ ច្បាប់នេះក៏ជួយពង្រីកកម្មវិធី ផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូចក្នុងទំហំទឹកប្រាក់ប្រមាណជា ២៨៤ពាន់លានដុល្លារអាមេរិក និងបង្វែរប្រាក់ទៅឲ្យសាលារៀន ក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងការចែកចាយវ៉ាក់សាំងផងដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំកាលពីចុងសប្តាហ៍ដ៏កម្រមួយ បន្ទាប់ពីគណបក្សសាធារណរដ្ឋលុបចោលការទាមទារ ឲ្យមានការការពារក្រុមហ៊ុន ពីពាក្យបណ្តឹងដែលជាប់ពាក់ព័ន្ធទៅនឹងវីរុសកូរ៉ូណា ក៏ដូចជាការស្នើសុំពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យដើម្បីផ្តល់ថវិកាដោយផ្ទាល់ សម្រាប់រដ្ឋាភិបាលប្រចាំរដ្ឋនិងប្រចាំមូលដ្ឋាន៕