(ហុងកុង)៖ តំបន់ស្វយ័តហុងកុងនៃប្រទេសចិន នៅថ្ងៃចន្ទនេះបានប្រកាស ហាមឃាត់ជើងហោះហើរទាំងអស់ ពីចក្រភពអង់គ្លេស បន្ទាប់ពីការរកឃើញវីរុសកូរ៉ណា (COVID-19) ប្រភេទថ្មីដែលមានសមត្ថភាពឆ្លងខ្លាំងជាងមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលហុងកុងលោក សូហ្វីយ៉ា ចាន់ (Sophia Chan) នៅថ្ងៃចន្ទនេះបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ចាប់ពីពាក់កណ្តាលអធ្រាត្រនេះ (ឈានចូលថ្ងៃអង្គារ ទី២២ ខែធ្នូ) តទៅ រាល់អ្នកដំណើរពីចក្រភពអង់គ្លេស នឹងមិនអនុញ្ញាតឲ្យចូលទីក្រុងហុងកុងទៀតឡើយ។

ទីក្រុងហុងកុងរួមទាំងបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀតរួមមាន ប្រទេសបារាំង អាល្លឺម៉ង់ អ៉ីតាលី និងហូឡង់ បានសម្រេចហាមឃាត់ជើងហោះហើរ មកពីចក្រភពអង់គ្លេស។ ក្រៅពីប្រទេសអឺរ៉ុប ក៏មានប្រទេសនៅតំបន់ផ្សេងៗទៀតដែរដូចជា កាណាដា អ៉ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានបិទទ្វារទាំងស្រុងសម្រាប់អ្នកដំណើរ មកពីចក្រភពអង់គ្លេសផងដែរ។

ការហាមឃាត់នេះត្រូវបានធ្វើឡើង ក្រោយចក្រភពអង់គ្លេសបានរាយការណ៍ អំពីការរកឃើញទម្រង់ថ្មីនៃវីរុសកូរ៉ូណា (COVID-19) ដែលមានសមត្ថភាពចម្លងលើសមុន រហូតដល់ទៅ ៧០ភាគរយ។ ទោះជាបែបនេះក្តី មិនទាន់មានព័ត៌មានច្រើន ពាក់ព័ន្ធទៅនឹងរីរុសប្រភេទថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញបានអះអាងថា វ៉ាក់សាំងដែលមានស្រាប់ នៅតែមានប្រសិទ្ធភាពដដែល។ រហូតមកទល់ពេលនេះ វីរុសកូរ៉ូណាប្រភេទថ្មីនេះ នៅមិនទាន់ត្រូវបានគេរាយការណ៍ នៅក្នុងទ្វីបអាស៊ីនោះឡើយ។

សម្រាប់ប្រទេសអាស៊ីវិញ កូរ៉េខាងត្បូង និងឥណ្ឌាត្រូវបានគេអះអាងថា កំពុងបន្តតាមដានស្ថានការណ៍ ពាក់ព័ន្ធនឹងវីរុស COVID-19 ទម្រង់ថ្មីនៅអង់គ្លេសនៅឡើយ ខណៈជប៉ុនវិញបានសម្រេចបិទជើងហោះហើរ មកពីចក្រភពអង់គ្លេសរួចទៅហើយ។ ជប៉ុនក៏បានអះអាងផងដែរថា ខ្លួននឹងសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ដើម្បីសិក្សាស្វែងយល់អំពីវីរុស COVID-19 ទម្រង់ថ្មីនេះ៕