(វ៉ាស៉ីនតោន)៖ នៅក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិថ្មីមួយទៀត ស្តីពីគោលនយោបាយអវកាសហៅថា SPD-6 (Space Policy Directive-6) ដែលកំណត់ជាផ្លូវការនូវយុទ្ធសាស្រ្តថ្នាក់ជាតិ សម្រាប់ការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព នៃប្រព័ន្ធម៉ាស៉ីនថាមពល និងម៉ាស៉ីនធ្វើដំណើរ ដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងទីអវកាស។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

លោក ស្កុត ផេស (Scott Pace) មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិអវកាសអាមេរិក បាននិយាយថា ប្រព័ន្ធម៉ាស៉ីនថាមពល និងម៉ាស៉ីនធ្វើដំណើរនុយក្លេអ៊ែរនៅក្នុងទីអវកាស (SNPP) គឺជាបច្ចេកវិទ្យាស្នូលកាន់តែសំខាន់បំផុតមួយ សម្រាប់បេសកកម្មរបស់អាមេរិក ឆ្ពោះទៅកាន់ភពអង្គារ (Mars) និងទីអវកាសឆ្ងាយៗដទៃទៀត។ លោក Pace បានបន្តទៀតថា សហរដ្ឋអាមេរិកមានបំណងរក្សា ភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងចំណោមមហាអំណាចអវកាសនានា ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ ប្រកបដោយ «សុវត្ថិភាព ភាពត្រឹមត្រូវ និងនិរន្តរភាព» នៅក្នុងទីអវកាស។

រាប់ទសវត្សរ៍មកហើយ ប្រព័ន្ធនុយក្លេអ៊ែរគឺជាផ្នែកយ៉ាងសំខាន់ នៃប្រវត្តិបេសកកម្មក្នុងទីអវកាស នៃសហរដ្ឋអាមេរិក តួយ៉ាងដូចជា បេសកកម្មរ៉ូបូតជាច្រើនរួមមាន Voyager 1, Voyager 2, New Horizons, Curiosity សុទ្ធតែទទួលបានថាមពល មកពីបច្ចេកវិទ្យានុយក្លេអ៊ែរមួយប្រភេទហៅថា RTGs។ វាបំឡែងអគ្គិសនីពីកម្តៅ ដែលបង្កើតដោយសារធាតុវិទ្យុសកម្ម ភ្លុយតូញ៉ូម-២៣៨ (plutonium-238)។

បច្ចុប្បន្នទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រសួងថាមពលអាមេរិក កំពុងសហការគ្នាលើគម្រោងបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរមួយហៅថា Kilopower ដែលអាចផលិតថាមពលបានយ៉ាងច្រើន សម្រាប់ផ្គត់ផ្គង់ដល់ ការបោះមូលដ្ឋានស្នាក់នៅ នៅលើឋានព្រះច័ន្ទ និងភពអង្គារជាដើម។ រីឯប្រធានអង្គការ NASA លោក Jim Bridenstine ធ្លាប់បានកោតសរសើរបច្ចេកវិទ្យា ម៉ាស៉ីនធ្វើដំណើរប្រភេទ nuclear thermal propulsion ថាអាចនឹងជួយផ្លាស់ប្តូរកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការរុករកនៅទីអវកាសឆ្ងាយៗ។

គួរបញ្ជាក់ថា បទបញ្ជាថ្មីខាងលើរបស់លោក ដូណាល់ ត្រាំ បានជំរុញថែមទៀត និងក្នុងលក្ខណៈផ្លូវការតែម្តង ចំពោះការងារអភិវឌ្ឍប្រព័ន្ធម៉ាស៉ីនថាមពល និងម៉ាស៉ីនធ្វើដំណើរនុយក្លេអ៊ែរនៅក្នុងទីអវកាស (SNPP)។ ក្នុងនោះបានចែងថា សហរដ្ឋអាមេរិកគួរអភិវឌ្ឍឲ្យបាន នូវប្រព័ន្ធនុយក្លេអ៊ែរជាច្រើនប្រភេទ សម្រាប់បម្រើក្នុងទីអវកាស នៅខ្ទង់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០។ ក្រៅពីនេះគឺការធ្វើតេស្តប្រព័ន្ធថាមពលនុយក្លេអ៊ែរ នៅលើផ្ទៃព្រះច័ន្ទ សម្រាប់ផ្គត់ផ្គង់ដល់ការរក្សាវត្តមាននៅទីនោះ និងនៅលើផ្ទៃភពអង្គារជាដើម បើអាចទៅរួចគឺគួរតែកើតឡើង នៅខ្ទង់ពាក់កណ្តាល ឬចុងទសវត្សរ៍ឆ្នាំ២០២០។

បទបញ្ជាប្រតិបត្តិ SPD-6 គឺជាបទបញ្ជាទី ៦ ហើយស្តីពីគោលនយោបាយអវកាសអាមេរិក ដែលត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ។ សម្រាប់បទបញ្ជារពីមុនៗរួមមាន SPD-1 គឺវាបានបង្គាប់ជាផ្លូវការឲ្យ NASA បញ្ជូនអវកាសយានិក ទៅជាន់លើផ្ទៃព្រះច័ន្ទជាថ្មីម្តងទៀត ដើម្បីជាមូលដ្ឋានត្រៀមសម្រាប់ការបន្តបេសកកម្ម ឆ្ពោះទៅកាន់ភពអង្គារថែមទៀត។

ដោយឡែកសម្រាប់បទបញ្ជា SPD-2 បានបន្ធូរបន្ថយភាពតឹងរ៉ឺង សម្រាប់ឧស្សាហកម្មអវកាស បែបឯកជនរបស់អាមេរិក។ ចំណែក SPD-3 មានគោលដៅជួយដល់ ការគ្រប់គ្រងចរាចរណ៍ទីអវកាស ខណៈ SPD-4 បង្គាប់ឲ្យក្រសួងការពារជាតិអាមេរិក បង្កើតកងទ័ពអវកាសផ្លូវការ ខណៈបទបញ្ជាចុងក្រោយគេគឺ SPD-5 បានកំណត់នូវគោលនយោបាយ សន្តិសុខអ៉ីនធើណិត សម្រាប់ការពារប្រព័ន្ធឧបករណ៍ នៅក្នុងទីអវកាសរបស់អាមេរិក៕