(វ៉ាស៊ីនតោន)៖ មនុស្សជំនិតម្នាក់ និងទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គឺលោក សេឌ្រិច រិចមិនដ៍ (Cedric Richmond) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

លោក Cedric Richmond ដែលគ្រោងនឹងលាលែងពីតំណែង ជាសមាជិកសភាអាមេរិក ដើម្បីចូលរួមជាមួយរដ្ឋបាលថ្មីរបស់លោក បៃដិន ដោយទទួលបានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់មួយរូប ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ០២ថ្ងៃ បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុង អាត្លង់តា (Atlanta ដើម្បីចូលរួមយុទ្ធនាការឃោសនាមួយ ដែលលោក ចូ បៃដិន កំពុងស្វែងរកការគាំទ្រសម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភាពីររូប មកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូន អូស្សូហ្វ (Jon Ossoff) និងលោក រ៉ាហ្វាអ៊ែល វ៉ាណក់ (Raphael Warnock)។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីលោក បៃដិន លោក Richmond មិនបានប៉ះពាល់ដោយផ្ទាល់ជាមួយលោក បៃដិន, លោក Ossoff ឬក៏លោក Warnock នោះទេ ហើយលោក បៃដិន ក៏បានធ្វើតេស្ដរក COVID-19 កាលពីថ្ងៃព្រហស្បតិ៍ ដោយចេញលទ្ធផល «អវិជ្ជមាន» រួចទៅហើយដែរ៕