(ស្វីស)៖ អតីតប្រធានាធិបតីស្វីស លោក ហ្វ្លាវីយ៉ូ ខតទី (Flavio Cotti) បានទទួលមរណភាពហើយក្នុងវ័យ ៨១ឆ្នាំ ដោយសារ COVID-19។ នេះបើតាមការដកស្រង់ផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

ដំណឹងមរណភាពរបស់លោក Flavio Cotti ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសស្វីសបច្ចុប្បន្ន លោក អ៉ីកណាហ្ស៊ីយ៉ូ កាស្ស៊ីស (Ignazio Cassis)។ លោក Ignazio Cassis បានសរសេរសារមួយបង្ហោះលើ Twitter យ៉ាងដូច្នេះថា «ពិតជារឿងដ៏គួរឲ្យសោកសៅ ដែលខ្ញុំបានទទួលដំណឹង អំពីមរណភាពរបស់លោក Flavio Cotti»

គួរបញ្ជាក់ថា លោក Flavio Cotti ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសស្វីសផងដែរ។ លោកបានកាន់តំណែងជាប្រធានាធិបតីស្វីសចំនួនពីរលើក គឺនៅឆ្នាំ១៩៩១ និងឆ្នាំ១៩៩៨៕