(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅសប្តាហ៍ក្រោយនេះ ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋអាមេរិកាំង ចំពោះវ៉ាក់សាំងដែលអាជ្ញាធរសុខាភិបាល បានអនុម័តឲ្យប្រើប្រាស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

ក្រៅពីលោក ចូ បៃដិន អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន វិញត្រូវបានមន្ត្រីសេតវិមានបញ្ជាក់ថា នឹងទទួលការចាក់វ៉ាក់សាំង COVID-19 នៅថ្ងៃសុក្រសប្តាហ៍នេះ។ ទាំងលោក បៃដិន និងលោក ភែន សុទ្ធតែចង់ឲ្យសាធារណជននៅអាមេរិក មានការជឿទុកចិត្តចំពោះវ៉ាក់សាំង ដែលជាផលិតផលរបស់ក្រុមហ៊ុន Pfizer និង BioNTech ខណៈដែលវានឹងត្រូវយកទៅប្រើប្រាស់ កាន់តែទូលំទូលាយចាប់ពីឆ្នាំ២០២១។

ដោយឡែកចំពោះលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិ ត្រូវបានមន្ត្រីសេតវិមានគូសបញ្ជាក់ថា លោកនឹងទទួលការចាក់វ៉ាក់សាំងផងដែរ នៅពេលណាដែលវេជ្ជបណ្ឌិតអនុញ្ញាត។ សហរដ្ឋអាមេរិកបានចាប់ផ្តើម ចែកចាយ និងចាក់វ៉ាក់សាំង COVID-19 សរុបជិត ៣លានដូសនៅក្នុងសប្តាហ៍នេះ ដោយផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខដូចជា វេជ្ជបណ្ឌិត, គិលានុប្បដ្ឋាក និងអ្នកបម្រើការងារ ក្នុងមណ្ឌលថែមទាំសុខភាពនានា នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់៕