(ហ្សឺណែវ)៖ អ្នកជំនាញអន្តរជាតិមួយក្រុម ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្ដាហ៍ទី ១ នៃខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពការទូតជាច្រើន ដែលខ្លួនទទួលបាន។ ក្រុមអ្នកជំនាញអន្តរជាតិខាងលើមានសមាជិកពី ១២-១៥នាក់ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដើម្បីស៊ើបអង្កេត និងត្រួតពិនិត្យភស្ដុតាង ក្នុងនោះរួមមានសំណាកមនុស្ស និងសត្វ ដែលត្រូវបានប្រមូលដោយក្រុមអ្នកវិទ្យាសាស្ត្រចិន សំដៅចាប់ផ្ដើមការសិក្សាបឋមមួយរបស់ពួកគេ។

គួរបញ្ជាក់ថា ចិនបានទទួលស្គាល់ ក៏ដូចជារាយការណ៍ពីករណីឆ្លងដំបូង នៃវីរុសបង្កជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំងមួយ នៅឯផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងទីក្រុងវូហាន ដែលក្រោយមកត្រូវបាន WHO ដាក់ឈ្មោះឲ្យជាផ្លូវការថា COVID-19។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើននាក់ទៀត បានចោទថា ចិនជាអ្នកបង្កើត និងបានបិទបាំងពីការឆ្លងរាតត្បាត COVID-19 តាំងតែពីដំបូងៗម៉េះ។ ជាការឆ្លើយតប ចិន និងអ្នកវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ក្នុងនោះរួមទាំង WHO ផងដែរសុទ្ធតែបានអះអាងថា ជំងឺដ៏កាចសាហាវមួយនេះ មិនមែនមនុស្សជាអ្នកបង្កើតនោះទេ ដោយវាឆ្លងចេញពីសត្វប្រចៀវ។ ចិនក៏បានប្រកាសស្វាគមន៍ WHO ចូលមកធ្វើការស៊ើបអង្កេត រកប្រភពដើមរបស់ COVID-19 ផងដែរ៕