(ហ្សឺណេវ)៖ ឯកសារផ្ទៃក្នុងមួយដែលបានលាតត្រដាងដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា គ្រោងការណ៍សកលក្នុងការផ្តល់វ៉ាក់សាំង COVID-19 ដល់ប្រទេសក្រីក្រ របស់អង្គការសុខភាពពិភពលោក កំពុងប្រឈមនឹងហានិភ័យបរាជ័យខ្ពស់បំផុត ដែលនឹងអាចធ្វើឲ្យប្រជាជនរាប់ពាន់លាននាក់ នៅលើពិភពលោក រស់នៅដោយមិនទទួលបានចំណែកវ៉ាក់សាំងដ៏សំខាន់នេះ រហូតដល់ចុងឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

ឯកសារផ្ទៃក្នុងខាងលើ ដែលបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាល GAVI ដែលជាសម្ព័នរដ្ឋាភិបាល ក្រុមហ៊ុនផលិតឱសថ និងអង្គការសម្បុរសធម៌នានា បានលើកឡើងថា ហានិភ័យនៃការបរាជ័យ ក្នុងការសម្រេចគោលបំណងកម្មវិធីវ៉ាក់សាំងសកល ដែលហៅកាត់ថា COVAX គឺមានអត្រាខ្ពស់ណាស់។

ឯកសារដដែលនេះ បានគូសបញ្ជាក់ទៀតថា ភាគរយនៃការបរាជ័យគឹមានអត្រាខ្ពស់ ក៏ដោយសារតែគម្រោងការណ៍នេះ ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ហើយប្រតិបត្តិការនៅក្នុងតំបន់ដែលមិនច្បាស់លាស់ ដែលនឹងធ្វើឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្រ នឹងមិនអាចទទួលវ៉ាក់សាំងបានទេ រហូតដល់ចុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា កម្មវិធី COVAX ដែលស្ថិតក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) ព្រមទាំងសម្ព័ន្ធភាពអន្តរជាតិ GAVI និង CEPI មានគម្រោងទិញវ៉ាក់សាំងប្រឆាំង COVID-19 ឲ្យបានចំនួនយ៉ាងហោចណាស់ ២ពាន់លានដូសនៅឆ្នាំ២០២១ខាងមុខនេះ ដើម្បីចែកជូនទៅកាន់ប្រជាជនក្រីក្របំផុត នៅជំវិញពិភពលោក។ ប៉ុន្តែគម្រោងមនុស្សធម៌ប្រកបដោយមហិច្ឆតានេះ កំពុងតែប្រឈមនឹងឧបសគ្គជាច្រើន ដូចជាបញ្ហាកង្វះថវិកា និងបញ្ហាកង្វះកិច្ចសហប្រតិបត្តការ ពីសំណាក់បណ្តាប្រទេសអ្នកមានជាដើម៕