(ស៊ីដនី)៖ ប្រទេសអូស្រ្តាលីនៅថ្ងៃពុធនេះបានប្រកាសឲ្យថា ខ្លួននឹងស្នើសុំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឲ្យធ្វើការស៊ើបអង្កេត ក្រោយប្រទេសចិនបានសម្រេចដំឡើងពន្ធ លើការនាំចូលស្រូវសាឡីពីអូស្រ្តាលី ខណៈដែលភាពតានតឹងរវាងប្រទេសទាំងពីរ កាន់តែកើនឡើងខ្លាំងមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្រ្តាលីលោក ស៊ីម៉ុន ប៊ឺមីងហាំ (Simon Birmingham) បានប្រកាសពីសេចក្តីសម្រេចខាងលើយ៉ាងដូច្នេះថា «ការដំឡើងពន្ធ ៨០ភាគរយលើការនាំចូលស្រូវសាលីពីអូស្ត្រាលី គឺជារឿងគ្មានមូលដ្ឋាន និងគ្មានភ័ស្តុតាងច្បាស់លាស់ ហើយវិធានការស្រដៀងគ្នានេះ អាចនឹងត្រូវធ្វើឡើងសម្រាប់វិស័យផ្សេងៗទៀត»។
បើតាមទិន្នន័យពីអូស្ត្រាលី ការនាំចេញស្រូវសាឡីរបស់ប្រទេសនេះ ទៅកាន់ទីផ្សារចិនមានតម្លៃប្រហែល ១ពាន់លានដុល្លារអាមេរិក នៅក្នុងមួយឆ្នាំៗ។ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ទីក្រុងប៉េកាំងបានពិចារណាការរឹតត្បិត ការនាំចូលស្រូវសាឡីពីអូស្ត្រាលី តាំងពីឆ្នាំ២០១៨មកម្ល៉េះ ចំពេលដែលមានការព្រួយបារម្ភថា ប្រទេសចិនដែលអាចផលិតប្រហែល ២០ភាគរយនៃស្រូវសាឡីដែលខ្លួនត្រូវការ គឺត្រូវពឹងផ្អែកទាំងស្រុងលើការនាំចូលពីបរទេស។

សង្គ្រាមពន្ធគយបានកើតឡើង ចំពេលដែលរដ្ឋាភិបាលទីក្រុងកង់បេរ៉ា និងក្រុងប៉េកាំង កំពុងមានជម្លោះជាមួយគ្នា ដោយបង្កឲ្យមានការភ័យខ្លាចថា វិធានការណ៍ទាំងនេះត្រូវបានធ្វើឡើង ដោយសារកត្តាជំរុញផ្នែកនយោបាយតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះនីមួយៗត្រូវបានគេអះអាងថា ជាបញ្ហាបច្ចេកទេស ក៏ប៉ុន្តែទីក្រុងកង់បេរ៉ាជឿថា ការដាក់ទណ្ឌកម្មទាំងនេះ គឺជាការសងសឹកចំពោះប្រទេសអូស្ត្រាលី ដែលជំរុញឲ្យមានការប្រឆាំងនឹងឥទ្ធិពលចិន ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា វិស័យយ៉ាងហោចណាស់ចំនួន ១៣មុខ របស់អូស្រ្តាលីរួមមាន ស្រូវសាលី សាច់គោ ធ្យូងថ្ម ទង់ដែង កប្បាស បង្កង ស្ករស ឈើ ទេសចរណ៍ សាកលវិទ្យាល័យ ស្រាក្រហម និងរោមចៀមជាដើម បាននិងកំពុងរងផលប៉ះពាល់ ដោយសារការដំឡើងពន្ធ ឬទម្រង់នៃការរអាក់រអួលមួយចំនួនទៀត។ ភាពតានតឹងជាមួយប្រទេសចិន បានចោទជាសំណួរអំពី គំរូសេដ្ឋកិច្ចដែលមានអាយុកាលរាប់ទសវត្សរ៍របស់អូស្រ្តាលី ដែលត្រូវពឹងផ្អែកលើការផ្គត់ផ្គង់វត្ថុធាតុដើម ទៅឲ្យប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចសម័យទំនើប៕